បាល់ទាត់៖ ក្រុមបាល់ទាត់អារ៉ាប់រួមបានយកឈ្នះការប្រកួតដ៏តានតឹង ១-០ ទៅលើកូរ៉េខាងត្បូងដើម្បីក្តីសង្ឃឹមបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ នៅកាតា។ កៅអីវគ្គ Play-Off តំបន់អាស៊ីនៅក្នុងពូល A នេះត្រូវរង់ចាំដល់ប្រកួតចុងក្រោយម្សិលមិញនេះ ដែលប្រទាញប្រទង់គ្នារវាងអារ៉ាប់រួម និងអ៊ីរ៉ាក់។

គ្រាប់បាល់ជ័យជំនះរបស់អារ៉ាប់រួមលើកូរ៉េសំរេចនៅនាទីទី៥៤ ដោយ Al-Maazmi ដែលជាបីពិន្ទុដ៏មានសារសំខាន់សំរាប់អារ៉ាប់រួមដើម្បីបញ្ចប់ការប្រកួតជុំទី៣ ពូល A នេះឈរលេខ៣ មាន ១២ពិន្ទុ។ ចំណែកអ៊ីរ៉ាក់ប្រកួតចុងក្រោយរបស់ពួកបានត្រឹមស្មើជាមួយស៊ីរី ១-១ ដែលមានន័យថាអ៊ីរ៉ាក់ឈរលេខ៤ មាន ៩ពិន្ទុ។ ក្រុមលេខ៣ ក្នុងពូល A នេះនឹងត្រូវជួបជាមួយក្រុមលេខ៣ ក្នុងពូល B គឺអូស្ត្រាលីនៅវគ្គ Play-Off រឺហៅថាជុំទី៤ ខណៈក្រុមឈ្នះនៃវគ្គ Play-Off នេះនឹងត្រូវទៅប្រកួត Play-Off ផ្តាច់ព្រ័ត្រអន្តរទ្វីបជាមួយក្រុមមកពីតំបន់អាមេរិកឡាទីន គឺប៉េរូដែលឈរលេខ៥ នៅទីនោះ។ ដោយឡែកមួយប្រកួតទៀតក្នុងពូល A នេះដែរអ៊ីរ៉ង់យកឈ្នះលីបង់ ២-០៕
អត្ថបទ៖នាង សុភាវុធ