រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីអង់គ្លេសលោក Steve Reed និយាយកាលពីថ្ងៃអាទិត្យថា ពុំមានការវាយតម្លៃណាមួយដែលគាំទ្រអំណះអំណាងថា អ៊ីរ៉ង់នឹងមានគម្រោងវាយប្រហារអឺរ៉ុបដោយប្រើប្រាស់មីស៊ីលបាលីស្ទិកនោះឡើយ ឬសូម្បីតែមានសមត្ថភាពវាយប្រហារ ។
កាលពីថ្ងៃសៅរ៍កន្លងទៅ កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមថា អ៊ីរ៉ង់មានមីស៊ីលដែលអាចបាញ់ដល់ទីក្រុងឡុងដ្រ៍ ប៉ារីស ឬទីក្រុងប៊ែរឡាំង ។
មេបញ្ជាការកងទ័ពអ៊ីស្រាអែលោក Eyal Zamir និយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយ ៤ពាន់គ.មឆ្ពោះទៅកាន់គោលដៅសហរដ្ឋអាមេរិក ហើយលោកបានព្រមានថា រដ្ឋធានីអឺរ៉ុបស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងតេអេរ៉ង់ ហើយរាល់ការគំរាមកំហែងណាមួយត្រូវតែទប់ទល់ ។

លោក Zamir និយាយថា រយៈចម្ងាយរបស់ពួកគេ អាចបាញ់ទៅរដ្ឋធានីអឺរ៉ុប ហើយទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់ និងទីក្រុងរ៉ួម របស់អ៊ីតាលី ស្ថិតក្នុងរយៈចម្ងាយគំរាមកំហែងដោយផ្ទាល់ ។
អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃសៅរ៍ ស្របពេលដែលសហរដ្ឋអាមេរិកបញ្ជូនកងម៉ារីនរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចោទប្រកាន់សម្ព័ន្ធមិត្តណាតូថា កំសាកញីចំពោះភាពស្ទាក់ស្ទើរបស់ពួកគេ ក្នុងការជួយបើកច្រកសមុទ្រ Hormuz ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Reed និយាយប្រាប់ BBCថា ពុំមានការវាយតម្លៃបញ្ជាក់ពីអ្វីដែលបាននិយាយនោះទេ ។ លោកថា លោកពុំបានដឹងការវាយតម្លៃណាមួយថា អ៊ីរ៉ង់ព្យាយាមវាយប្រហារអឺរ៉ុបនោះទេ ៕
