ក្រុមមន្រ្តីនិយាយថា អ្នកដំណើរនៅក្នុងអាកាសយានដ្ឋាន Pulkovo ស្ថិតក្នុងទីក្រុង St Petersburg បានសម្រាកនៅលើឥដ្ឋ ក្រោយជើងហោះហើរជាង ១០០វ៉ុល ត្រូវបានលុបចោល ឬពន្យាពេល កាលពីថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារយានដ្រូនអ៊ុយក្រែនលើតំបន់ Leningrad របស់រុស្ស៊ី ។

ក្រុមអ្នកគ្រប់គ្រងអាកាសយានដ្ឋាននិយាយថា អាកាសយានដ្ឋាន Pulkovo បានផ្អាកប្រតិបត្តិការរយៈពេលប្រហែល ១៦ម៉ោង សម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែចាប់តាំងពីនោះមក ប្រតិបត្តិការបានចាប់ផ្តើមធម្មតាវិញហើយ ។
អភិបាលតំបន់ Leningrad លោក Alexander Drozdenko និយាយថា អង្គភាពការពារដែនអាកាស និងអង្គភាពសង្រ្គាមអេឡិចត្រូនិក បានបាញ់ទម្លាក់យានដ្រូនជាង ៧០គ្រឿង ។ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតត្រូវបានរាយការណ៍ភ្លាមៗនោះទេ ។
លោក Drozdenko និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អគ្គិភ័យឆាបឆេះសឺទែនប្រេង ក្រោយការវាយប្រហារលើទីក្រុងកំពង់ផែ Primorsk ខណៈបង្គោលភ្លើងរងការខូចខាត នៅស្រុក Vyborg ។
កំពង់ផែ Primorsk និង Ust-Luga ស្ថិតក្នុងសមុទ្របាល់ទិកដែលជាច្រកនាំចេញប្រេងធំជាងគេបំផុតរបស់រុស្ស៊ី បានផ្អាកការនាំចេញប្រេង និងប្រេងឆៅរបស់ខ្លួន ចាប់តាំងពីថ្ងៃអាទិត្យរហូតមក បន្ទាប់ពីការវាយប្រហារយានដ្រូន ៕
