ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកមាននូវការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាពជាមួយអ៊ីរ៉ង់ ហើយលោកនឹងបញ្ជាឲ្យយោធាពន្យារពេលការវាយប្រហារដោយយោធាណាមួយ លើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់។
លោក Trump បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «ខ្ញុំរីករាយប្រាប់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ មាននូវការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាព ទាក់ទងនឹងដំណោះស្រាយពេញលេញ និងជារួមនៃអរិភាពរបស់យើង នៅតំបន់មជ្ឈិមបូព៌ា»។

មេដឹកនាំអាមេរិក បានបន្ថែមថា៖ «ខ្ញុំបានណែនាំក្រសួងសង្គ្រាម (ក្រសួងការពារជាតិ) ឲ្យពន្យារពេលការវាយប្រហារដោយយោធាណាមួយ លើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ សម្រាប់រយៈពេល ៥ថ្ងៃ ដោយអាស្រ័យលើភាពជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាដែលកំពុងបន្តមាន»។
លោក Trump បានផ្តល់ពេលវេលា ៤៨ម៉ោងដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីឲ្យបញ្ចប់ការបិទខ្ទប់នៅផ្នែករបស់ខ្លួន សម្រាប់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏តូចចង្អៀត ដែលប្រេងប្រហែល ១ភាគ៥ របស់ពិភពលោកឆ្លងកាត់ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ខ្លួន៕

