ពលរដ្ឋលីបង់ជម្លៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងប្រទេស និងបានងសង់សំពត់តង់នៅតាមមាត់សមុទ្រទីក្រុងបេរូតនៅថ្ងៃចន្ទនេះ សន្យាថានឹងវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ពួកគេវិញ បើទោះបីជាផ្លូវត្រូវបានកាត់ផ្តាច់ក៏ដោយ ។
អ៊ីស្រាអែលបានវាយកម្ទេចស្ពានតភ្ជាប់សំខាន់ពីតំបន់ភាគខាងត្បូងលីបង់ ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស កាលពីថ្ងៃអាទិត្យ ក្រោយបញ្ជាឲ្យយោធារបស់ខ្លួន បំផ្លាញច្រកឆ្លងកាត់ទាំងអស់នៅលើទន្លេ Litani ហើយនិងបង្កើនការកម្ទេចផ្ទះសម្បែងនៅជិតតំបន់ព្រំដែនភាគខាងត្បូង ។

ការកម្ទេចស្ពាន និងផ្ទះសម្បែងប្រជាពលរដ្ឋនេះ បានក្លាយការកើនឡើងភាពតានតឹង ក្នុងយុទ្ធនាការយោធាអ៊ីស្រាអែលនៅប្រទេសលីបង់ ដែលបានធ្លាក់ចូលសង្រ្គាមក្នុងតំបន់កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមប្រដាប់អាវុធហេសបូឡា វាយប្រហារទឹកដីអ៊ីស្រាអែល ។
ច្បាប់អន្តរជាតិបានហាមឃាត់យោធាពីការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់សកម្មភាពយោធាអ៊ីស្រាអែលនៅលីបង់ ជាពិសេសការប្រើប្រាស់បទបញ្ជាឲ្យជម្លៀសខ្លួនរបស់ពួកគេ ដែលបានជម្លៀសខ្លួនមនុស្សជាង ១លាននាក់ ។
ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានធ្វើឲ្យខូចខាតច្រកឆ្លងកាត់លើផ្លូវហាយវ៉េតំបន់ឆ្នេរប្រទេសលីបង់ ដែលតភ្ជាប់តំបន់កសិកម្ម និងស្ថិតក្នុងចំណោមផ្លូវដ៏សំខាន់មួយតភ្ជាប់តំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលលីបង់ ៕
