ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដែលសម្ដេចចាត់ទុកទង្វើនេះជា បានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយសម័យរបបប៉ុល ពត។
សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។
សម្ដេចតេជោបានថ្លែងថា អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ និង
រស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។
សម្ដេចបានចោទសួរថា តើស្ត្រីម្នាក់នេះ យកប្ដីពីរនាក់ពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល?
សម្ដេចបានបញ្ជាក់ថា ប្រសិនបើគាត់យកប្ដីពីរនាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទ គាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយរបបប៉ុល ពត។ បុរសមានប្រពន្ធពីរ ឬលួចមានស្រី ខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផង ខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា (ប្ដីមួយប្រពន្ធមួយ)ផង។
សម្ដេចបានបន្តថា សូមបងប្អូន ឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

