ក្រុមស្រាវជ្រាវ លើកឡើងពីក្តីបារម្ភបន្ទាន់ពីអនាគតរដូវរងានៅទូទាំងអឌ្ឍគោលខាងជើង ។ ពួកគេនិយាយថា បើសិនជាបម្រែបម្រួលអាកាសធាតុនៅតែបន្តក្នុងដំណាក់កាលបច្ចុប្បន្ន បឹងជាច្រើនអាចនឹងលែងមានទឹកកកគ្របដណ្តប់នៅឆ្នាំ ២០៥០ ហើយនិងបំផ្លាញប្រពៃណីទំនៀមទម្លាប់រស់នៅរបស់អ្នកស្រុកនៅទីនោះ ។
នៅតាមទីកន្លែងជាច្រើនដូចជារដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ការផ្លាស់ប្តូរលែងជាទ្រឹស្តីទៀតហើយ វាកំពុងកើតឡើងរួចទៅហើយ ។ សម្រាប់ជីវិតដូចជាអ្នកនេសាទត្រីលើបឹងទឹកកក ការផ្លាស់ប្តូរបែបនេះ នឹងក្លាយជាផលប៉ះពាល់របស់ពួកគេ ។
លោក Pat Hasburgh គឺជាម្ចាស់ហាង D&S Bait and Tackle បានចំណាយពេលច្រើនទសវត្សរ៍នៅលើបឹងទឹកកក ។ លោករំឭកដល់ពេលដែលរដូវរងាច្រើនខែធ្វើឲ្យទឹកកកក្រាស់ ។
លោក Hasburgh និយាយថា លោកបាននេសាទត្រីលើទឹកកកពេញមួយជីវិតរបស់លោក ។ រដូវរងាធ្លាប់មានរយៈពេល ៣ខែ ឬយូរជាងនេះ ជាពេលដែលពួកយើងមានទឹកកកក្រាស់ ហើយអាចចូលទៅនេសាទនៅលើបឹង ប៉ុន្តែបច្ចុប្បន្នវាកាន់តែមានរយៈពេលតិចទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ។
យោងតាមការអះអាងរបស់ការិយាល័យអាកាសធាតុវិទ្យារដ្ឋ Wisconsin បានឲ្យដឹងថា បឹងនៅក្នុងរដ្ឋមួយនេះ ធ្លាប់កករយៈពេល ៤ខែជារៀងរាល់ឆ្នាំ ។ ពួកគេបន្តថា បច្ចុប្បន្នវាកកត្រឹមរយៈពេល ១ខែប៉ុណ្ណោះ ដោយសារសីតុណ្ហភាពកើនឡើង ។
លោក Steve Vavrusគឺជាប្រធានការិយាល័យអាកាសធាតុវិទ្យារដ្ឋ Wisconsinនិយាយថា ទំនោរមួយនេះ ទំនងជាកើនឡើងបន្ថែមទៀត ។
លោកថា ទំហំបម្រែបម្រួលអាកាសធាតុក្នុងរយៈពេល ៣០ឆ្នាំខាងមុខ នៅពាក់កណ្តាលសតវត្សរ៍នេះ គឺល្មមដែលការសិក្សាជាច្រើនបង្ហាញថា បឹងដែលបានកករាល់រដូវរងា នឹងមានទឹកកកតិចថ្ងៃជាងមុន ខណៈដែលបឹងខ្លះទៀត នឹងលែងកកតែម្តង ៕