លោកប្រធានាធិបតី Donald Trump បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងមានការពិភាក្សាដ៏ល្អខ្លាំងណាស់ ដែលអាចនាំជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ាឱ្យកាន់តែខិតជិតដល់ទីបញ្ចប់។ថ្លែងនៅទីក្រុង Memphis រដ្ឋ Tennessee លោកTrump បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។

ឥឡូវនេះពួកលោកកំពុងមានការពិភាក្សាដ៏ល្អខ្លាំងណាស់។ ការពិភាក្សាទាំងនោះ បានចាប់ផ្តើមកាលពីយប់មិញ វាដូចជាយប់បន្តិច។ រូបលោកគិតថាការចរចាទាំងនោះល្អណាស់។ ពួកគេចង់បានសន្តិភាព។ ពួកគេបានយល់ព្រមថាពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ប៉ុន្តែពួកលោកនឹងចាំមើល។

លោកប្រធានាធិបតីបាននិយាយថា រដ្ឋបាលរបស់លោកបានចរចាជាមួយទីក្រុងតេអេរ៉ង់ អស់រយៈពេលជាយូរ ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយជិតរួចរាល់ហើយ។ លោកបានសំដៅទៅលើការគំរាមកំហែងរបស់លោកក្នុងការបំផ្ទុះរោងចក្រថាមពលអ៊ីរ៉ង់ ដែលលោកបានផ្អាករយៈពេលប្រាំថ្ងៃទៀត។

លោក Trump ធ្លាប់បានគំរាមថានឹងកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក មិនត្រូវបានបើកឡើងវិញទាំងស្រុង និងដោយគ្មានការគំរាមកំហែងនៅថ្ងៃចន្ទ ម៉ោង ១១ និង៤៤នាទីយប់ ម៉ោងនៅចក្រភពអង់គ្លេស មុនពេលលោកពន្យារពេលឱសានវាទ ដើមឡើយកំណត់ពេល៤៨ម៉ោង។
ប៉ុន្តែប្រធានសភាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ២៣មីនាសប្ដាហ៍នេះដែរថា គ្មានការចរចាណាមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកទេ ដោយហៅការអះអាងរបស់លោក Trump ថាជា ព័ត៌មានក្លែងក្លាយ។
មុននោះបន្តិចកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់ប្រទេសនេះ ប្រសិនបើបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ។លោកថា អ៊ីរ៉ង់មានឱកាសមួយទៀតសម្រាប់សន្តិភាព៕