យោងតាមខ្លឹមសារសេចក្ដីព្រាងដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានមើលឃើញកាលពីថ្ងៃចន្ទ (២៣ មីនា) បង្ហាញថា ប្រទេសបារ៉ែន បានដាក់ជូនសេចក្តីព្រាងនៃសេចក្តីសម្រេចមួយច្បាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលនឹងអនុញ្ញាតឱ្យបណ្តាប្រទេសនានាប្រើប្រាស់ «រាល់មធ្យោបាយចាំបាច់» ដែលជាភាសាការទូតមានន័យថាការប្រើប្រាស់កម្លាំង ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មទាំងនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស។

ក្រុមអ្នកការទូតនិយាយថា សេចក្តីព្រាងនេះត្រូវបានគាំទ្រដោយបណ្តារដ្ឋអារ៉ាប់ឈូងសមុទ្រផ្សេងទៀត និងសហរដ្ឋអាមេរិក ប៉ុន្តែពួកគេយល់ថា សំណើនេះមិនងាយនឹងទទួលបានជោគជ័យនោះទេ។ យ៉ាងណាក៏ដោយ ចំណាត់ការនេះបានគូសបញ្ជាក់ពីក្ដីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឈូងសមុទ្រថា អ៊ីរ៉ង់អាចនឹងបន្តគំរាមកំហែងដល់ច្រកសមុទ្រហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ដឹកជញ្ជូនការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក និងជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់តំបន់ឈូងសមុទ្រទាំងមូល។

ការបិទច្រកសមុទ្រនេះ គឺជាគោលដៅចម្បងមួយរបស់អ៊ីរ៉ង់។ ការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយនេះបានធ្លាក់ចុះស្ទើរតែទាំងស្រុង បន្ទាប់ពីអ៊ីរ៉ង់ បានវាយប្រហារលើនាវាផ្សេងៗនៅក្នុងជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ សេចក្តីព្រាងនៃសេចក្តីសម្រេចនេះបានហៅសកម្មភាពរបស់អ៊ីរ៉ង់ថា ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

ខ្លឹមសារនៃសំណើនេះនិយាយថា៖ នឹងអនុញ្ញាតឱ្យប្រទេសនានា មិនថាធ្វើសកម្មភាពតែម្នាក់ឯង ឬតាមរយៈសម្ព័ន្ធភាពកងទ័ពជើងទឹកចម្រុះជាតិសាសន៍ដោយស្ម័គ្រចិត្តនោះទេ គឺអាចប្រើប្រាស់ «រាល់មធ្យោបាយចាំបាច់» ទាំងនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស រួមទាំងនៅក្នុងដែនទឹកនៃរដ្ឋជាប់ឆ្នេរផងដែរ ដើម្បីធានាឱ្យបាននូវការធ្វើដំណើរឆ្លងកាត់ និងដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលរារាំង ឬរំខានដល់នាវាចរណ៍អន្តរជាតិ៕