របាយការណ៍សារព័ត៌មានរ៉យទ័របានឱ្យដឹងកាលពីថ្ងៃចន្ទ (២៣ មីនា) ថា រយៈពេលតិចជាង ៤៨ម៉ោង មុនការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ដោយលើកហេតុផលនានាក្នុងការចាប់ផ្ដើមសង្គ្រាមដ៏ស្មុគស្មាញបែបនេះ ជាអ្វីដែលមេដឹកនាំអាមេរិករូបនេះធ្លាប់បានធ្វើយុទ្ធនាការប្រឆាំងពីមុនមក។

តាមរយៈរបាយការណ៍ចារកម្មនៅដើមសប្តាហ៍នោះ ទាំងលោក Trump និងលោក Netanyahu សុទ្ធតែបានដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជំនិតៗរបស់លោក នឹងជួបប្រជុំគ្នាក្នុងបរិវេណការិយាល័យរបស់លោកក្នុងទីក្រុងតេអេរ៉ង់ក្នុងពេលឆាប់ៗ ដែលនេះធ្វើឱ្យមន្រ្តីអ៊ីរ៉ង់ទាំងនោះងាយរងគ្រោះដោយ «ការវាយប្រហារកម្ទេចក្បាលម៉ាស៊ីន» ពោលគឺយុទ្ធសាស្ត្រវាយប្រហារទៅលើមេដឹកនាំកំពូលៗរបស់ប្រទេសមួយ ដែលអ៊ីស្រាអែលតែងតែប្រើប្រាស់ ប៉ុន្តែសហរដ្ឋអាមេរិក កម្រនឹងប្រើណាស់។

យោងតាមប្រភពដែលដឹងពីកិច្ចសន្ទនានោះបានឱ្យដឹងថា ក្រោយមកមានចារកម្មថ្មីបានបង្ហាញថា កិច្ចប្រជុំនៅអ៊ីរ៉ង់ត្រូវបានរំកិលមកធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈវិញ ជំនួសឱ្យយប់ថ្ងៃសៅរ៍ដែលបានគ្រោងទុក។ លោក Netanyahu ដែលប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តប្រតិបត្តិការដែលលោកចង់ធ្វើអស់រាប់សិបឆ្នាំមកហើយនោះ បានលើកឡើងថា «ប្រហែលជាគ្មានឱកាសណាដែលល្អជាងនេះទៀតទេ» ក្នុងការសម្លាប់លោក Khamenei និងដើម្បីសងសឹកចំពោះកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់នាពេលកន្លងមក ក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump។ ការប៉ុនប៉ងទាំងនោះ រួមមានទាំងគម្រោងជួលមនុស្សធ្វើឃាតដែលរៀបចំឡើងដោយអ៊ីរ៉ង់ក្នុងឆ្នាំ២០២៤ នៅពេលលោក Trump កំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

យោងតាមប្រភពដដែល នៅមុនកិច្ចសន្ទនានោះកើតឡើង លោក Trump បានយល់ស្របលើគំនិតដែលថា អាមេរិកអនុវត្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ រួចទៅហើយ ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថា តើត្រូវចូលរួមនៅពេលណា ឬក្នុងកាលៈទេសៈ។ ប្រភពជឿជាក់ថា ជំនួបទូរសព្ទនេះ រួមជាមួយចារកម្មដែលបង្ហាញពីឱកាសដ៏កម្រចុងក្រោយក្នុងការសម្លាប់មេដឹកនាំអ៊ីរ៉ង់ គឺជាកត្តាជំរុញឱ្យលោក Trump បើកភ្លើងខៀវចុងក្រោយក្នុងការបញ្ជាឱ្យកងទ័ពនៅថ្ងៃទី២៧ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) បន្តទៅមុខជាមួយនឹងប្រតិបត្តិការ Epic Fury៕