រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ការប្រើវោហារសាស្ត្រផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់សមភាគីរុស្ស៊ីរបស់លោកគឺលោក Vladimir Putin បានជះផលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំង២ ប៉ុន្តែការសន្ទនារវាងក្រុង Moscow និងក្រុង Washington គឺមានការចាំបាច់ក្នុងចំណុចមួយចំនួន វាជាផលប្រយោជន៍សម្រាប់ពិភពលោកទាំងមូល។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា ការប្រមាថកាតទានរឿងផ្ទាល់ខ្លួន មិនអាចជួយអ្វីបានក្រៅតែពីធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រមុខរដ្ឋទាំង២។ ជាពិសេសការនិយាយប្រមាថរឿងផ្ទាល់ខ្លួន ដែលមិនគួរបណ្ដោយឲ្យមានសង្គ្រាមវោហារសាស្ត្រកើតមានទាល់តែសោះរវាងប្រមុខរដ្ឋទាំង២។ ពិតណាស់ថា កត្តានេះបានបង្កឲ្យមានការប៉ះពាល់ជាអវិជ្ជមាន។ ជាងនេះទៅទៀតនោះ លោក Peskov បានបន្ថែមថា ការសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកពិតជាចាំបាច់ក្នុងករណីខ្លះ។ ម្យ៉ាងទៀតមិនត្រឹមតែចាំបាច់សម្រាប់ប្រទេសទាំង ២ នោះប៉ុណ្ណោះទេ ថែមទាំងសម្រាប់ផលប្រយោជន៍ពិភពលោកផងដែរ។
ចំណែកសហរដ្ឋអាមេរិកវិញ ប្រធានផ្នែកទំនាក់ទំនងប្រចាំសេតវិមានលោកស្រី Kate Bedingfield បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden នឹងកើតឡើងបន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនធូរស្បើយហើយនោះ៕
អត្ថបទ៖ សុខមាន