កណ្ដាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តកណ្តាលប្រចាំឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ដោយជោគជ័យនៅកីឡដ្ឋានខេត្តកណ្ដាលកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតជាច្រើនសប្ដាហ៍។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក តាំង ម៉េងលាន អភិបាលរងខេត្តតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
លោក តាំង ម៉េងលាន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតកីឡាមធ្យមសិក្សាថ្នាក់ខេត្តឆ្នាំនេះ ដែលបានដំណើរការដោយរលូន និងទទួលបានជោគជ័យ ទាំងការចូលរួម និងការប្រកួតប្រជែងដោយគោរពតាមបទបញ្ជាការប្រកួត និងមានឆន្ទៈខ្ពស់ ស្របតាមចក្ខុវិស័យរបស់ខេត្តដើម្បីជំរុញវិស័យកីឡា ពិសេសវិស័យកីឡាបាល់ទាត់ក្នុងខេត្តកណ្ដាលឲ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកបានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្តមិនគិតពីការនឿយហត់ ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និងជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ។
ជាលទ្ធផលនៃការប្រកួតប្រចាំឆ្នាំនេះ សម្រាប់ផ្នែកកីឡាបាល់ទាត់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យហ៊ុន សែនសេរីភាព ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យទេពប្រណម្យ និងចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យហ៊ុន សែន សិរីដីដុះ ស្រុកកៀនស្វាយ។ រីឯផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យ ហ៊ុន សែន ស្អាង និងចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង៕
អត្ថបទ៖ លី ឈុនឡា