រថយន្តគិលានសង្គ្រោះចំនួនបួនគ្រឿងដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌ជ្វីហ្វ ត្រូវបានដុតបំផ្លាញនៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ហើយនគរបាលកំពុងស៊ើបអង្កេតការវាយប្រហារនេះថាជាឧក្រិដ្ឋកម្មស្អប់ខ្ពើម។ ការលួចដុតនៅភាគខាងជើងទីក្រុងឡុងដ្រ៍បានកើតឡើងកាលពីថ្ងៃចន្ទ។ រថយន្តទាំងនោះ ជាកម្មសិទ្ធិរបស់អង្គការមិនស្វែងរកប្រាក់ចំណេញជ្វីហ្វ ដែលផ្តល់សេវាវេជ្ជសាស្រ្ត។

ពុំមានរបាយការណ៍អំពីអ្នករងរបួសទេ ហើយអគ្គិភ័យត្រូវបានពន្លត់។ នគរបាលនិយាយថា ពួកគេកំពុងចាត់ទុកករណីនេះថាជាឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជ្វីហ្វ ហើយកំពុងស្វែងរកជនសង្ស័យបីនាក់បន្ទាប់ពីពិនិត្យមើលឡើងវិញតាមវីដេអូកាំមេរ៉ាសុវត្ថិភាព។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា រថយន្តគិលានសង្គ្រោះត្រូវបានចតនៅវិហារជ្វីហ្វមួយកន្លែង ជាកន្លែងដែលដំបូលនិងបង្អួចក៏ត្រូវបានបំផ្លាញ។ នាយករដ្ឋមន្ត្រី លោក Keir Starmer បានចាត់ទុកឧបទ្ទវហេតុនេះថាជា «ការវាយប្រហារលួចដុតប្រឆាំងជ្វីហ្វដ៏គួរឱ្យភ្ញាក់ផ្អើល» ដោយលោកបាននិយាយបន្ថែមថា ការប្រឆាំងជ្វីហ្វពុំមាននៅក្នុងសង្គមនេះទេ។
អាជ្ញាធរបានស្ថិតក្នុងការប្រុងប្រយ័ត្នបន្ទាប់ពីការវាយប្រហារប្រឆាំងជ្វីហ្វដែលសង្ស័យនៅក្នុងប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិកកាលពីដើមខែនេះ ក្នុងពេលមានប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងប្រទេសអ៊ីរ៉ង់។