ប្រភពសន្តិសុខអ៊ីរ៉ាក់ពីររូប បាននិយាយថា យ៉ាងហោចណាស់មានរ៉ូកែតចំនួន ៧គ្រាប់ ត្រូវបានបាញ់ចេញពីទីក្រុង Rabi របស់ប្រទេសអ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋានយោធាអាមេរិកមួយកន្លែង នៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារលើកដំបូង ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

ប្រភពទាំងនោះ បាននិយាយថា ជើងទម្របាញ់រ៉ូកែតមួយគ្រឿង ដែលដាក់នៅលើរថយន្តដឹកទំនិញដែលឆេះ ត្រូវបានរឹបអូសនៅក្នុងសង្កាត់មួយរបស់ទីក្រុង Rabi ភាគខាងលិចទីក្រុង Mosul។ គេជឿថា ជើងទម្រនេះ ត្រូវបានប្រើ ដើម្បីបាញ់រ៉ូកែតទាំង ៧គ្រាប់នោះ ឆ្ពោះទៅកាន់មូលដ្ឋានយោធា Rmeilan នៅក្នុងប្រទេសស៊ីរី។
ពួកគេបានបន្ថែមថា នេះគឺជាការវាយប្រហារឆ្លងកាត់ព្រំដែនលើកដំបូង ដែលកំណត់គោលដៅកងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពស៊ីរីបាននិយាយថា មូលដ្ឋានយោធាមួយរបស់ខ្លួន នៅក្នុងទីក្រុង Hasaka ភាគឦសាន បានរងការវាយប្រហារដោយរ៉ូកែត ដោយមិនសំដៅទៅលើមូលដ្ឋាននោះ ជារបស់ អាមេរិក ឬជាបន្ទាយរបស់កងទ័ពអាមេរិកនោះទេ៕