ភ្នំពេញ៖ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នឹងបញ្ចូលកិច្ចសន្ទនាស្រ្តីកម្ពុជា នៅក្នុងផ្នែកអាជីវកម្ម ការជួយបណ្តុះបណ្តាលស្រ្តីដែលជាអាជីវករ ក្នុងការប្រើប្រាស់ភាសារបារាំង និងផ្នែកបច្ចេកវិទ្យា ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តី ជាសហគ្រិននៅក្នុងអាជីវកម្ម។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ដឹកនាំដោយលោកជំទាវ Louise MUSIKAVABO អគ្គលេខាធិការអង្កការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២នេះ, ឯកឧត្តម ថេរ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ថ្លែងថា កិច្ចប្រជុំ បានលើកឡើងពីសក្តានុពលរបស់ស្រ្តីសហគ្រិនកម្ពុជា ដែលក្នុងនោះកម្ពុជាមានស្រ្តីប្រមាណ ៦០% ដែលជាម្ចាស់ ដែលបានដឹកនាំសហគ្រាសធុនតូច និងមធ្យម ដែលវិស័យនេះគឺជាចំណែកមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ និងជួយផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ហើយអ្វីដែលសំខាន់ ក្រោយពីកម្ពុជាបើកប្រទេសឡើងវិញ ស្រ្តីសហគ្រិនក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងចរន្តសេដ្ឋកិច្ច ។
ក្នុងជំនួបនេះ លោកជំទាវ Louise MUSIKAVABO អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បានលើកឡើងថា នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គឺមានកម្មវិធីចំនួនពីរ ក្នុងនោះមានកម្មវិធីជួយអប់រំស្រ្តី និងមួយទៀតពាក់ព័ន្ធការចូលរួមស្រ្តីនៅក្នុងវិស័យធុរកិច្ច, ចំពោះសហគ្រិនស្រី្តនៅកម្ពុជា លោកជំទាវបានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក្នុងនោះអ្វីដែលលោកជំទាវ បានឯកភាព គឺការដាក់បញ្ចូលឲ្យមានកិច្ចសន្ទនាស្រ្តីនៅក្នុងផ្នែកអាជីវកម្ម ដែលអង្គការហ្វ្រង់កូហ្វូនី នឹងរៀបចំនៅក្នុងខែ កក្កដា ខាងមុខនេះ នឹងមួយផ្នែកទៀត គឺការជួយបណ្តុះបណ្តាលស្រ្តីដែលជាអាជីវករ ក្នុងការប្រើប្រាស់ភាសារបារាំង ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តីជាសហគ្រិនផងដែរ។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី លើកឡើងថា នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នេះ សមាគមសហគ្រិនស្រ្តី និងសមាគមដ៏ទៃ បានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍របស់សមាគមជាស្រ្តី ដោយក្នុងនោះ លោកជំទាវ Louise MUSIKAVABO មានការចាប់អារម្ភណ៍យ៉ាងខ្លាំងអំពីកម្ពុជា, ហើយតាមរយៈនេះលោកជំទាវ កែវ មុំ រំពឹងថា អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី នឹងពាំនាំរាល់បញ្ហារបស់ស្រ្តីនៅកម្ពុជា នឹងជួយរកដំណោះស្រាយដែលសមគមស្រ្តីកំពុងជួបប្រទះ ជាពិសេសបញ្ហាទីផ្សារសម្រាប់ការនាំចេញ។ជំនួបជាមួយប្រតិភូអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ត្រូវបានគេមើលឃើញថា ជាឱកាសដ៏ល្អរបស់សហគ្រិនជាស្រ្តី ដើម្បីបង្ហាញរាល់បញ្ហាសហគ្រិនជាស្រ្តីកំពុងជួបប្រទះ និងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី