លោក Zhai Jun ប្រេសិតពិសេសរបស់រដ្ឋាភិបាលចិន ស្តីពីបញ្ហាតំបន់មជ្ឈិមបូព៌ា បាននិយាយកាលពីថ្ងៃចន្ទ (២៣ មីនា) ថា ដរាបណាជម្លោះនៅតែបន្ត ប្រទេសចិន នឹងមិនបញ្ឈប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការទូតរបស់ខ្លួនជាដាច់ខាត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Zhai បាននិយាយថា ថ្មីៗនេះ លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសជាច្រើនក្នុងតំបន់ រួមមាន អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន កូវ៉ែត និងអេហ្ស៊ីប ហើយបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនោះ ក៏ដូចជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសម្ព័ន្ធរដ្ឋអារ៉ាប់ ស្តីពីស្ថានភាពក្នុងតំបន់។ លោក Zhai បន្តថា លោកក៏បានបើកកិច្ចពិភាក្សាយ៉ាងហ្មត់ចត់ជាមួយភាគីអ៊ីរ៉ង់ផងដែរ។

ប្រេសិតចិនរូបនេះបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងក្នុងពេលដែលសង្គ្រាមកំពុងក្ដៅគគុក និងរាលដាលពាសពេញតំបន់ ហើយប្រទេសនានាក្នុងតំបន់បានសង្កត់ធ្ងន់ថា គោលដៅមិនមែនយោធា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពល មិនត្រូវរងការវាយប្រហារដោយមិនសមហេតុផលឡើយ ហើយថា ជីវិត និងសុវត្ថិភាពរបស់ប្រជាជនសាមញ្ញ ត្រូវតែទទួលបានការការពារ។
ដោយកត់សម្គាល់ថា សង្គ្រាមនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាង ២១.០០០នាក់ រយៈពេលជិតមួយខែមកនេះ លោក Zhai បានព្រមានថា ខណៈអណ្តាតភ្លើងនៃសង្គ្រាមនៅតែបន្តឆាបឆេះនៅទូទាំងមជ្ឈិមបូព៌ា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង៕

