ទីផ្សារភាគហ៊ុនសកល និងតម្លៃប្រេង នៅថ្ងៃអង្គារ (២៤ មីនា) នេះ បានបន្តជួបព្យុះភ្លៀងនៅក្នុងការជួញដូរដ៏ប្រែប្រួលមិនអាចទាយទុកជាមុនបាន ខណៈការពន្យារពេល ៥ថ្ងៃរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៃការទម្លាក់គ្រាប់បែកលើបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ ហាក់នៅតែមិនអាចទប់ស្កាត់ក្ដីបារម្ភរបស់វិនិយោគិន អំពីផលវិបាកនៃសង្គ្រាមមជ្ឈិមបូព៌ាបានឡើយ បន្ទាប់ពីអ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានចូលរួមក្នុងការចរចាជាមួយអាមេរិកនោះទេ។
ទីផ្សារនៅអឺរ៉ុប មើលឃើញការចាប់ផ្តើមដ៏លំបាក ដោយសន្ទស្សន៍ EUROSTOXX 50 បានធ្លាក់ចុះ ១% ខណៈសន្ទស្សន៍ FTSE បានធ្លាក់ចុះជិត ០,៥%។ នៅទីផ្សារអាមេរិក សន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះជាង ០,៥% ចំណែកភាគហ៊ុន Nasdaq បានដាំក្បាលចុះខ្លាំងជាងគេដល់ទៅ ៦%។

ដោយឡែក ភាគហ៊ុនអាស៊ីបានកើនឡើងខ្ពស់ ដោយសន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកខាងក្រៅប្រទេសជប៉ុន ទទួលបានកំណើន ១,៣% សន្ទស្សន៍ Nikkei របស់ជប៉ុន កើនបានជិត ១% ចំណែកសន្ទស្សន៍ Hang Seng របស់ក្រុមហ៊ុនហុងកុង បានកើនឡើង ១,៦%។
តម្លៃប្រេងនៅតែទទួលបានសន្ទុះនៅថ្ងៃអង្គារនេះ ស្របពេលក្ដីកង្វល់អំពីវិបត្តិថាមពល នៅតែបន្តរីករាលដាលពាសពេញពិភពលោក។ សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើងជិត ៤% ដល់ ១០៣,៥៨ដុល្លារក្នុងមួយបារ៉ែល ក្រោយការធ្លាក់ចុះ ១០% កាលពីថ្ងៃចន្ទ ខណៈ ប្រេងឆៅអាមេរិក WTI បានកើនឡើងលើសពី ៤% ដល់តម្លៃ ៩១,៧៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល នៅក្នុងការជួញដូរពេលព្រឹកព្រលឹមថ្ងៃអង្គារនេះ៕
