បណ្ដាថ្នាក់ដឹកនាំសាជីវកម្មសកលដែលបានចូលរួមក្នុងសន្និសីទធុរកិច្ចប្រចាំឆ្នាំដ៏សំខាន់របស់ប្រទេសចិន ក្នុងសប្តាហ៍នេះ ទទួលបានការធានាពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកមួយនេះថា ចិននៅតែជា «យុថ្កា» ដែលអាចព្យាករបាន និងជាកម្លាំងសេដ្ឋកិច្ចដ៏រឹងមាំ អំឡុងពេលភាពប្រែប្រួលភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ជាសកល។
អ្នកវិភាគលើកឡើងថា បរិយាកាសនៅក្នុងវេទិកាអភិវឌ្ឍន៍ចិន (CDF) ឆ្នាំ២០២៦នេះ ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា កន្លងទៅ ហាក់មានទំនុកចិត្តខ្លាំងជាងឆ្នាំមុនៗ ដែលនេះបញ្ជាក់ឱ្យឃើញពីការផ្លាស់ប្តូរចេញពីវេទិកាក្រោយវិបត្តិជំងឺកូវីដ១៩កន្លងមក ដែលគ្រានោះ ក្រុមមន្ត្រីចិនតែងតែសង្កត់ធ្ងន់លើវិធានការគាំទ្រ និងទិសដៅនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Han Lin នាយកប្រចាំប្រទេសចិន នៃក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ The Asia Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា៖ «ខណៈដែលកំពុងកំណត់បញ្ហាប្រឈមក្នុងប្រព័ន្ធអន្តរជាតិ ដោយមិនបញ្ចេញឈ្មោះសហរដ្ឋអាមេរិកចំៗ សុន្ទរកថាបើករបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានផ្តោតទៅលើអ្វីដែលចិនកំពុងធ្វើបានយ៉ាងល្អ ដើម្បីជំរុញការច្នៃប្រឌិត ពាណិជ្ជកម្ម និងឱកាសផ្សេងៗទៀតក្នុងការសហការគ្នា»។
ពេលវេលានៃការរៀបចំវេទិកានេះ បានធ្វើឱ្យសារនៃ «កម្លាំងសេដ្ឋកិច្ចដ៏រឹងមាំ» កាន់តែមានទម្ងន់។ ក្នុងពេលជិតមួយឆ្នាំនៃសង្គ្រាមពាណិជ្ជកម្មដ៏តឹងតែង និងនៅមុនកិច្ចប្រជុំកំពូលដែលត្រូវបានពន្យារពេលរវាងមេដឹកនាំចិន-អាមេរិក ទីក្រុងប៉េកាំងកំពុងតែដោះស្រាយទំនាក់ទំនងដ៏តានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ព្រមទាំងប្រឈមមុខនឹងរបាំងពាណិជ្ជកម្មដែលកំពុងកើនឡើងនៅកន្លែងផ្សេងទៀត បន្ទាប់ពីចិនទទួលបានអតិរេកពាណិជ្ជកម្មកម្រិតកំណត់ត្រា ១,២ សែនកោដិដុល្លារក្នុងឆ្នាំ២០២៥៕
