ប្រជាពលរដ្ឋអ៊ីរ៉ង់នៅតាមផ្លូវក្នុងទីក្រុងតេអេរ៉ង់ បានបង្ហាញនូវភាពមន្ទិលសង្ស័យរបស់ពួកគេចំពោះការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីកិច្ចប្រជុំសន្តិភាពសន្តិភាពជាមួយអ៊ីរ៉ង់ ស្របពេលដែលសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទី ៤ ។
លោក Trump បាននិយាយថា លោកបានបញ្ជាឲ្យយោធាសហរដ្ឋអាមេរិកផ្អាកការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ហើយនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ដោយរូបលោកលើកឡើងពីកិច្ចប្រជុំជាមួយអាជ្ញាធរអ៊ីរ៉ង់ ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Fars រាយការណ៍ដោយលើកឡើងពីប្រភពថា ពុំមានការទាក់ទងដោយផ្ទាល់ ឬដោយប្រយោលណាមួយនោះទេជាមួយសហរដ្ឋអាមេរិក ។
ប្រជាពលរដ្ឋដែលត្រូវបានផ្តល់បទសម្ភាសន៍នៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ បានចាត់ទុកសេចក្តីអត្ថាធិប្បាយរបស់លោក Trumpថា ជាការបោកប្រាស់ ក្នុងនោះអ្នកស្រុកម្នាក់ និយាយថា ទណ្ឌកម្មត្រូវបានដក នឹងក្លាយជាការធ្វើតេស្តការពិតមួយនៃបំណងល្អរបស់អាមេរិកចំពោះប្រជាពលរដ្ឋអ៊ីរ៉ង់ ហើយអ្នកស្រុកខ្លះទៀត បានព្រមានថា បើសិនជាពួកយើងទុកចិត្តគាត់ ពួកយើងនឹងចាញ់ជាក់ជាពុំខាននោះឡើយ ។
សូមបញ្ជាក់ថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានធ្វើឲ្យទីផ្សារមានការប្រែប្រួល ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ បង្កើនក្តីបារម្ភពីអតិផរណាសកល ហើយនិងធ្វើឲ្យសម្ព័ន្ធមិត្តការពារជាតិលោកខាងលិចរង្គោះរង្គើផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមកំហែងវាយប្រហារប្រព័ន្ធអគ្គិសនីតំបន់ឈូងសមុទ្រ បង្កក្តីបារម្ភពីការអាក់ខានទ្រង់ទ្រាយធំចំពោះការបន្សុតទឹក ហើយនិងធ្វើឲ្យទីផ្សារប្រេងកាន់តែរង្គោះរង្គើបន្ថែមទៀត ៕

