ក្រុមអភិរក្សនិយមអាមេរិក បានជួបជុំគ្នា នៅរដ្ឋ Texas នាសប្តាហ៍នេះ សម្រាប់អ្វីដែលអ្នករៀបចំកម្មវិធីអះអាងថា ជាការជួបជុំដ៏ធំ និងមានឥទ្ធិពលបំផុត ដោយសង្គ្រាមអ៊ីរ៉ង់ និងក្ដីបារម្ភនៃវដ្តបោះឆ្នោតពាក់កណ្តាលអាណត្តិដែលទទួលបានលទ្ធផលមិនល្អ កំពុងផ្ដល់ហានិភ័យខ្លាំងឡើង។
សន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) រយៈពេល ៤ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែមីនា នៅជិតទីក្រុង Dallas ត្រូវបានគេរំពឹងថា នឹងប្រមូលផ្ដុំឥស្សរជនធំៗមកពីទូទាំងគណបក្សសាធារណរដ្ឋ និងសម្ព័ន្ធមិត្តសកលរបស់ខ្លួន ទោះបីជាទីក្រុងវ៉ាស៊ីនតោនត្រូវបានគ្របដណ្ដប់ដោយជម្លោះនៅបរទេស និងភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងស្រុកក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើព្រឹត្តិការណ៍មួយ ដែលការបង្ហាញខ្លួនរបស់លោក ជាធម្មតាគឺជាការស្រែកបង្ហាញសាមគ្គីភាព និងជាសញ្ញាបង្ហាញទិសដៅ សម្រាប់គណបក្ស។ សុន្ទរកថាសំខាន់របស់លោក ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា។

ប៉ុន្តែបញ្ជីឈ្មោះសម្រាប់ឆ្នាំ២០២៦ មានបញ្ចូលជ្រុងភូមិសាស្ត្រនយោបាយបន្ថែម ដោយរជ្ជទាយាទអ៊ីរ៉ង់ Reza Pahlavi បានលេចឡើងក្នុងនាមជាឥស្សរជនដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង។ អ្នករៀបចំ CPAC បានពណ៌នាការជួបជុំនេះយ៉ាងទូលំទូលាយ ដោយហៅព្រឹត្តិការណ៍នេះថា «ចំណុចកំពូលនៃឆ្នាំដែលបានចំណាយដើម្បីពង្រឹងសម្ព័ន្ធភាព លើកកម្ពស់សំឡេងថ្មី និងជំរុញសារ ដែលថា សេរីភាពចាប់ផ្តើមហើយ ហើយត្រូវតែការពារ នៅទីនេះក្នុងប្រទេសនេះ។
តែយ៉ាងណាក្ដី ព្រឹត្តិការណ៍នេះលេចឡើងក្នុងបរិបទនៃការមានបញ្ហាប្រឈមផ្នែកនយោបាយកាន់តែខ្លាំង សម្រាប់គណបក្សសាធារណរដ្ឋ ដោយអ្នកយុទ្ធសាស្ត្រព្រមានខ្លាំងឡើងៗ អំពីរយៈពេលប៉ុន្មានខែដ៏លំបាកទម្រាំទៅដល់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ដែលមានទាំងផ្នែកសម្ពាធសេដ្ឋកិច្ច និងហានិភ័យនៃជម្លោះដ៏យូរអង្វែង នៅក្នុងប្រទេសអ៊ីរ៉ង់។
សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទី៤ ទំនងជាគ្របដណ្ដប់លើការសន្ទនាទាំងនៅលើឆាក និងក្រៅឆាក ដោយបង្កើតបានជាការជជែកដេញដោល ជុំវិញគោលនយោបាយការបរទេស សន្តិសុខថាមពល និងតួនាទីសកលរបស់អាមេរិក៕


