យោធាអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលបន្តគ្នាជាច្រើនគ្រាប់ទៅអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារការគំរាមកំហែងទម្លាក់គ្រាប់បែក លើបណ្តាញអគ្គិសនីរបស់សាធារណរដ្ឋឥស្លាម ដោយសារតែអ្វីដែលលោកបានពិពណ៌នាថា ជាការចរចាប្រកបដោយផលិតភាពជាមួយមន្ត្រីអ៊ីរ៉ង់។

មីស៊ីលទាំងនេះបានបង្កឲ្យមានសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាស នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ីស្រាអែល ក្នុងនោះរួមទាំងទីក្រុង Tel Aviv ផងដែរ ជាកន្លែងដែលសំឡេងផ្ទុះ ដោយសារប្រព័ន្ធស្ទាក់ចាប់ ត្រូវបានឮ។ នៅក្នុងការវាយប្រហារមួយ ផ្ទះសម្បែង នៅភាគខាងជើងអ៊ីស្រាអែល ត្រូវបានខូចខាតដោយសារការធ្លាក់បំណែក បន្ទាប់ពីមានការស្ទាក់ចាប់។ មិនមានរបាយការណ៍ អំពីការស្លាប់នោះឡើយ។
កាលពីថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានសរសេរថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើការសន្ទនា «ល្អ និងប្រកបដោយផលិតភាព» អំពី "ដំណោះស្រាយពេញលេញ និងជារួមនៃអរិភាព នៅតំបន់មជ្ឈិមបូព៌ា»។ បន្ទាប់មក លោកបានបញ្ជាក់ថា លោកកំពុងពន្យារផែនការវាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ថ្ងៃ។ ការប្រកាសរបស់លោក បានធ្វើឲ្យតម្លៃភាគហ៊ុនហក់ឡើង និងតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំងដល់ក្រោម ១០០ដុល្លារ ក្នុងមួយបារ៉ែល ជាការប្រែប្រួលភ្លាមៗ បន្ទាប់ពីទីផ្សារធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីការគំរាមកំហែងចុងសប្តាហ៍របស់មេដឹកនាំអាមេរិក និងការប្ដេជ្ញាឆ្លើយតបរបស់អ៊ីរ៉ង់។
តែភាពវិជ្ជមានទាំងនោះ ស្ថិតក្នុងហានិភ័យនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ដែលមន្ត្រីអ៊ីស្រាអែលម្នាក់ និងប្រភព ២ផ្សេងទៀតដែលដឹងបញ្ហានេះ បានប្រាប់ថា ជាអ្នកសម្របសម្រួលក្នុងការចរចានៅខាងភាគីអ៊ីរ៉ង់នោះ បាននិយាយថា មិនមានការចរចាណាមួយកើតឡើងទេ។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «មិនមានការចរចាណាមួយត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកទេ ហើយព័ត៌មានក្លែងក្លាយត្រូវបានប្រើ ដើម្បីជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុ និងប្រេង និងគេចចេញពីស្ថានភាពស្មុគស្មាញដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងជាប់ផុងប៉ុណ្ណោះ»៕


