ក្រុមស្ម័គ្រចិត្តមូស្លីមនៅទីក្រុង Budgam និងទីក្រុង Srinagar ស្ថិតក្នុងតំបន់កាស្មៀរបស់ឥណ្ឌា នាំគ្នារៃអង្គាសប្រាក់ ដើម្បីគាំទ្រអ៊ីរ៉ង់ នៅក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
ក្រុមស្ម័គ្រចិត្តនាំគ្នាអង្គុយនៅក្រៅមជ្ឈមណ្ឌលប្រមូលមូលនិធិ Imambara ខណៈពួកគេរៃអង្គាសប្រាស់ ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ ។

ពួកគេប្រមូល និងបរិច្ចាគមាស-ប្រាក់ ស្ពាន់ និងសាច់ប្រាក់សុទ្ធ ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់ ។ មូលនិធិដែលត្រូវបានបរិច្ចាគដោយសប្បរសជន និងមូលនិធិសប្បុរសធម៌ នៅតំបន់កាស្មៀនេះ នឹងត្រូវប្រគល់ជូនស្ថានទូតអ៊ីរ៉ង់ប្រចាំនៅក្នុងប្រទេសឥណ្ឌា ដែលនិយាយថា ពួកគេទទួលបានសារគាំទ្រ និងការផ្តល់វិភាគទានពីមនុស្សជាច្រើន និងក្រុមមូលនិធិជាច្រើន រូមទាំងក្រុមមូស្លីមស៊ីយ៉ា នៅតំបន់កាស្មៀផងដែរ ។
លោក Syed Mudassir គឺជាអ្នកស្រុកមួយរូបរស់នៅតំបន់កាស្មៀ និយាយថា ពួកយើងបានបង្កើតជំរំបរិច្ចាគនៅទីនេះ ហើយមនុស្សច្រើនណាស់ រួមទាំងបុរស ស្រ្តី កុមារ មនុស្សចាស់ និងក្មេងស្រីមកពីពីឆ្ងាយ-ជិត នាំគ្នាបរិច្ចាគធនធានរបស់ពួកគេដល់អ៊ីរ៉ង់ ។
លោកបន្តថា ពួកគេបានបរិច្ចាគមាសប្រាក់ ស្ពាន់ និងប្រាក់រាប់ពាន់រូពី ដើម្បីរួមចំណែកសាមគ្គីភាពជាមួយអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកការវាយប្រហារកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានធ្វើឲ្យទីផ្សារពិភពលោកប្រែប្រួល ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ បង្កើនក្តីបារម្ភអតិផរណាសកល និងធ្វើឲ្យរង្គោះរង្គើដល់សម្ព័ន្ធមិត្តលោកខាងលិច ៕
