លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយនៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសជប៉ុននឹងចាប់ផ្តើមបញ្ចេញប្រេងពីការស្តុកបម្រុងរបស់រដ្ឋ នៅថ្ងៃទី២៦ ខែមីនា ខណៈដែលក្តីបារម្ភអំពីការផ្គត់ផ្គង់មានកាន់តែខ្លាំងឡើងៗ អំឡុងសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។
វិធានការនេះ ដែលត្រូវបានប្រកាសអំឡុងកិច្ចប្រជុំរបស់សមាជិកគណៈរដ្ឋមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចជប៉ុន ដោយសារភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា បានកើតឡើងបន្ទាប់ពីជប៉ុនបានចាប់ផ្តើមបញ្ចេញប្រេងពីស្តុករបស់វិស័យឯកជនកាលពីសប្តាហ៍មុន។

លោកស្រី Takaichi ក៏បានបញ្ជាក់ផងដែរថា ប្រេងបម្រុងរួមគ្នារបស់ប្រទេសផលិតប្រេង នៅតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នរក្សាទុកនៅជប៉ុន នឹងចាប់ផ្តើមយកមកប្រើប្រាស់នៅចុងខែមីនា។ លោកស្រីបានប្រាប់ថា «សន្តិភាព និងស្ថិរភាពនៃមជ្ឈិមបូព៌ា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ»។
លោកស្រី Takaichi បានឲ្យដឹងទៀតថា ទីក្រុងតូក្យូនឹងបន្ត «កិច្ចប្រឹងប្រែងផ្នែកការទូតចាំបាច់ទាំងអស់ ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធ»។
ជាមួយគ្នានេះ មេដឹកនាំជប៉ុនរូបនេះបានបន្ថែមថា លោកស្រី និងប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ពីសារៈសំខាន់នៃការធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ដោយធានាឲ្យបាននូវការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់ សម្រាប់ការដឹកជញ្ជូនប្រេងសកល ក្នុងអំឡុងពេលជំនួបកំពូលរបស់ថ្នាក់ដឹកនាំទាំង២ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមីនា៕
