អ្នកស៊ើបអង្កេតសិទ្ធិមនុស្សម្នាក់របស់អង្គការសហប្រជាជាតិ(UN) និយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានអនុវត្តទារុណកម្មជាប្រព័ន្ធ និងទូលូទូលាយលើជនប៉ាឡេស្ទីន ហើយការបំពាននេះ បានក្លាយជាសញ្ញាយ៉ាងច្បាស់ក្រឡែតនៃអំពើប្រល័យពូជសាសន៍ ។
អ្នកស្រី Francesca Albanese គឺជាអ្នករាយការណ៍ពិសេសរបស់ UNស្តីពីដែនដីកាន់កាប់ប៉ាឡេស្ទីន និយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា របាយការណ៍ទី ៨ របស់គាត់ បានកត់ត្រាអំពើហិង្សាជាប្រព័ន្ធ និងការប្រព្រឹត្តខុសដែលអ្នកស្រីនិយាយថា បានកើនឡើង ចាប់តាំងពីខែ តុលា ឆ្នាំ ២០២៣ រហូតមក ។

អ្នកស្រីនិយាយថា ថ្ងៃនេះ អ្នកស្រីបង្ហាញការរកឃើញក្នុងរបាយការណ៍ទី ៨របស់គាត់ ការកត់ត្រាឯកសារលើកទី ៥នៃអំពើប្រល័យពូជសាសន៍កំពុងកើតឡើងលើជនប៉ាឡេស្ទីន ។ ការរកឃើញរបស់របាយការណ៍នេះ ឆ្លុះបញ្ចាំងពីសញ្ញាយ៉ាងច្បាស់ក្រឡែតនៃអំពើប្រល័យពូជសាសន៍ ការប្រើប្រាស់ទារុណកម្មជាប្រព័ន្ធ និងទូលំទូលាយរបស់អ៊ីស្រាអែល ជាមួយនឹងការបង្កើតបរិស្ថានទារុណកម្មលើជនប៉ាឡេស្ទីន ។
អ្នកស្រី Albanese បន្តថា ទារុណកម្ម បានក្លាយជាគោលនយោបាយរដ្ឋយ៉ាងមានប្រសិទ្ធិភាព ដោយអ្នកស្រីលើកឡើងពីការកើនឡើងការឃុំឃាំង និងសំណើរច្បាប់ស្នើសុំ រួមបញ្ចូលទោសប្រហារជីវិតសម្រាប់អ្នកទោសប៉ាឡេស្ទីន ។
អ្នកស្រីថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ទារុណកម្ម បានក្លាយជាវប្បធម៌ដែលត្រូវបានបង្កើតឡើងក្នុងសង្គម ការពារដោយនយោបាយ និងធ្វើឲ្យមានលក្ខណៈធម្មតាជាសាធារណៈ ។
យោងតាមរបាយការណ៍របស់អ្នកស្រី Albanese បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ១៨.៥០០នាក់ ត្រូវបានចាប់ខ្លួនចន្លោះខែតុលា ឆ្នាំ ២០២៣ និងខែមករា ឆ្នាំ ២០២៦ រួមទាំងកុមារផងដែរ ក្នុងនោះមនុស្ស ១០០នាក់ បានស្លាប់ អំឡុងពេលពួកគេស្ថិតក្នុងមន្ទីរឃុំឃាំង ហើយមនុស្ស ៤ពាន់នាក់ផ្សេងទៀត ត្រូវបានរកឃើញថាបាត់ខ្លួនទាំងបង្ខំ ៕
