ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានក្រើនរម្លឹកដល់មន្រ្តីក្រោមឱវាទថា ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២២កន្លងទៅ ឯកឧត្តមរដ្ឋ មន្ត្រី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកទីផ្សារជូនប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈការសម្រួលបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង ការកសាងបទដ្ឋានគតិយុត្តដើម្បីគាំពារ និងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងតំបន់។
ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ឯកឧត្តមបានណែនាំឱ្យមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប. ទាំងអស់ ត្រូវបន្តខិតខំពង្រឹងចំណេះដឹងខ្លួនបន្ថែមទៀត ទាំងជំនាញបច្ចេកទេស និងភាសាបរទេស តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។
ម្យ៉ាងវិញទៀត ថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្រ្តីរបស់ខ្លួនឱ្យអស់លទ្ធភាព និងត្រូវចេះបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ ទៅតាមជំនាញបច្ចេកទេសដែលពួកគេមាន។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំបន្ថែមដល់មន្រ្តីទាំងអស់ ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ រួមមាន៖ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ តាមរយៈការបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង១៨ ព្រមទាំងឧបត្ថម្ភទុន ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម៕ អត្ថបទ ឈិត បូរ៉ាវី