មន្ត្រីបានប្រាប់ឲ្យដឹងថា ការផ្ទុះដ៏ធំមួយ នៅឯរោងចក្រចម្រាញ់ប្រេង ក្បែរឆ្នេរសមុទ្ររដ្ឋ Texas កាលពីថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) បានធ្វើឲ្យសំណុំផ្សែងហុយទ្រលោមឡើងទៅលើអាកាស និងបង្ខំឲ្យប្រជាជននៅក្បែរនោះគេចទៅរកកន្លែងសុវត្ថិភាព។

លោកស្រីអភិបាលក្រុង Charlotte M. Moses បាននិយាយថា គ្មាននរណាម្នាក់រងរបួសឡើយ នៅក្នុងហេតុការណ៍ផ្ទុះ នៅឯរោងចក្រចម្រាញ់ប្រេង Valero ក្នុងទីក្រុង Port Arthur ចម្ងាយប្រហែល ៩០ម៉ាយល៍ (១៤៥គីឡូម៉ែត្រ) ភាគខាងកើតនៃទីក្រុង Houston។ លោកស្រីបានជំរុញឲ្យប្រជាជននៅតំបន់ខ្លះនៃផ្នែកខាងលិចនៃទីក្រុងនេះ បន្តស្នាក់នៅតែក្នុងផ្ទះ ដោយនិយាយថា អ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុហើយ។
លោកស្រីបានបញ្ជាក់ថា៖ «មែនហើយ មានការផ្ទុះមួយកើតឡើង ប៉ុន្តែពួកយើងមិនអីទេ មនុស្សគ្រប់គ្នាមិនមានបញ្ហាអ្វីទេ។ ពួកគេកំពុងព្យាយាមពន្លត់អគ្គិភ័យឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
ការផ្ទុះនេះកើតឡើងក្នុងពេលដែលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ ដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ជុំវិញការផ្គត់ផ្គង់ប្រេងសកល ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានការផ្ទុះនេះឡើយ។
យោងតាមគេហទំព័ររបស់រោងចក្រ Valero បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងនេះ មានបុគ្គលិកប្រហែល ៧៧០នាក់ និងអាចដំណើរការចម្រាញ់ប្រេងបានប្រហែល ៤៣៥.០០០បារ៉ែល ក្នុងមួយថ្ងៃ។ រោងចក្រនេះចម្រាញ់ប្រេងឆៅទៅជាសាំង ម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ៕
