កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC)នៅថ្ងៃអង្គារនេះ បានព្រមានពីការវាយប្រហារយានដ្រូន និងមីស៊ីលធ្ងន់ធ្ងរលើទីតាំងយោធាអ៊ីស្រាអែលនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងនៅតំបន់ហ្កាហ្សា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកដោយទីភ្នាក់ងារព័ត៌មានសាធារណរដ្ឋអ៊ិស្លាម(IRNA) នៅលើបណ្តាញព័ត៌មានសង្គម Telegram កងឆ្មាំ IRGC និយាយថា ការវាយប្រហារលើជនស៊ីវិល នាំឲ្យមានវិធានការយោធាដោយផ្ទាល់លើទីតាំងប្រមូលផ្តុំរបស់កងកម្លាំងអ៊ីស្រាអែល ។

សេចក្តីថ្លែងការណ៍នេះ បានកើតមានឡើង ស្របពេលអ៊ីរ៉ង់ បើកការវាយប្រហាររលកមីស៊ីលលើអ៊ីស្រាអែលនាថ្ងៃអង្គារនេះ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផ្អាកការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលរដ្ឋសាធារណរដ្ឋអ៊ិស្លាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដោយសាររូបលោកនិយាយថា មាននូវកិច្ចប្រជុំប្រកបដោយផ្លែផ្កាជាមួយក្រុមមន្រ្តីអ៊ីរ៉ង់ ។
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃអង្គារនេះដែរថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហាររលកធំលើតំបន់ភាគកណ្តាលទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ ដោយមានគោលដៅលើទីបញ្ជាការសំខាន់ៗ រួមទាំងទីបញ្ជាការមានការជាប់ពាក់ព័ន្ធជាមួយក្រសួងចារកម្ម និងក្រុមប្រដាប់អាវុធចារកម្មរបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ៕
