ដោយដកស្រង់ពីសារព័ត៌មានអ៊ីស្រាអែល Yedioth Ahronoth ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជូនដំណឹងដោយសម្ងាត់ដល់បេសកជនអាមេរិក លោក Steve Witkoff ថា មេដឹកនាំកំពូល លោក Mojtaba Khamenei បានយល់ព្រមឲ្យមានការចរចា ដើម្បីស្វែងរកលទ្ធភាពដែលអាចឈានដល់កិច្ចព្រមព្រៀង។
ប្រភពបានប្រាប់សារព័ត៌មាននេះថា មេដឹកនាំកំពូលរូបនេះដែលត្រូវបានតែងតាំង បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាំងពីដើមដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីខែមុន បានយល់ព្រមបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស ស្របតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់។

បន្ទាប់ពីផ្តល់ពេលវេលាកំណត់ ៤៨ម៉ោងដល់អ៊ីរ៉ង់ ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដោយមិននឹកស្មានដល់កាលពីថ្ងៃចន្ទថា លោកបានបញ្ជាឲ្យពន្យារពេលការវាយប្រហារយោធាណាមួយ ប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រយៈពេល ៥ថ្ងៃ។
លោកបានបញ្ជាក់ថា កិច្ចចរចាដែលអ៊ីរ៉ង់បដិសេធថា មិនមានកើតឡើងនោះ កំពុងត្រូវបានធ្វើឡើងជាមួយ «ឥស្សរជនខ្ពស់បំផុត» តែមិនមែនជាមេដឹកនាំកំពូលរបស់ប្រទេសនេះនោះទេ។
ក្រោយមក លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចសម្រេចបានក្នុងរង្វង់រយៈពេល ៥ថ្ងៃ ឬតិចជាងនេះ ដោយបន្ថែមថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា «អ្វីៗកំពុងដំណើរការទៅយ៉ាងល្អប្រសើរ»៕

