ភ្នំពេញ៖ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ តាមការគ្រោងគឺនឹងបញ្ចប់ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២។ លទ្ធផលជំរឿនសេដ្ឋកិច្ចគិតត្រឹម ល្ងាចថ្ងៃទី ២៩ខែមីនា គឺសម្រេចបាន ៩៦% ទូទាំងប្រទេស តែរាជធានីភ្នំពេញគឺនៅមានភាពយឺតយ៉ាវជាងគេ ដែលអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ទីតាំងនេះ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងផែនការ។
ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី ១ខែមីនា មកម្លេះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា រយៈពេលពេញ១ខែ ក៏ប៉ុន្តែការងារជំរឿនគិតត្រឹមល្ងាចថ្ងៃទី ២៩ ខែមីនា គឺមិនទាន់បានបិទបញ្ចប់គ្រប់ រាជធានី-ខេត្តនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ជារួមក្នុងក្របខណ្ឌទូទាំងប្រទេសគឺសម្រេចបាន ៩៦% តែរាជធានីភ្នំពេញ មានភាពយឺតយ៉ាវជាងគេ ដោយទើបសម្រេចបានប្រមាណ ៧០%ប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ គឺដោយសារកត្តាមួយចំនួនដូចជា ចំនួនសហគ្រាសមានការកើនឡើង បើធៀបទៅនឹងការស្រង់បញ្ជីសហគ្រាសកាលពីឆ្នាំ២០២០ និងដោយសារចំនួនមន្រ្តីប្រមូលទិន្នន័យមានចំនួនកំណត់។ ករណីនេះ ឯកឧត្តមអ្នកនាំពាក្យថា នឹងអាចពន្យារពេលប្រមូលទិន្នន័យសម្រាប់ ទីតាំងរាជធានីភ្នំពេញ ព្រោះសហគ្រាសខ្លះ ក៏បានសុំពន្យារពេលដើម្បីបំពេញព័ត៌មានលម្អិតជូនមន្រ្តីសម្ភាសន៍។
ការងារជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដោយលទ្ធផលទិន្នន័យដែលទទួលបានពីការធ្វើជំរឿននេះ គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់ជាតិ ក្នុងការបង្កើតគោលនយោបាយ។ នេះជាអ្វីដែលលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការធ្លាប់បានលើកឡើង។
លោកជំទាវលើកឡើងថា ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការទិន្នន័យសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការត្រួតពិនិត្យ តាមដានវាយតម្លៃ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក