ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសចិនបានដាក់ការតវ៉ាយ៉ាងខ្លាំងជាផ្លូវការ និងបានបង្ហាញក្ដីបារម្ភ ជាមួយជប៉ុន បន្ទាប់ពីមាននូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ការសម្រុកចូលដោយគ្មានការអនុញ្ញាត» ទៅក្នុងស្ថានទូតរបស់ខ្លួន នៅទីក្រុងតូក្យូ។
អ្នកនាំពាក្យក្រសួង លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា បុគ្គលម្នាក់ដែលអះអាងថា ជាមន្រ្តីបម្រើការនៅកងកម្លាំងស្វ័យការពាររបស់ជប៉ុន បានឡើងជញ្ជាំង ហើយចូលទៅក្នុងស្ថានទូតចិនដោយបង្ខំ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ។

លោក Lin បាននិយាយថា៖ «បុគ្គលនោះបានសារភាពថា សកម្មភាពរបស់លោក គឺខុសច្បាប់ និងគំរាមកំហែងសម្លាប់បុគ្គលិកការទូតចិន តំណាងឲ្យអ្វីដែលហៅថា ព្រះជាម្ចាស់»។ លោក Lin បានបន្តថា ប្រទេសចិនមាន «ការតក់ស្លុតយ៉ាងខ្លាំង» ចំពោះហេតុការណ៍នេះ ដោយជំរុញឲ្យទីក្រុងតូក្យូធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដាក់ទោសអ្នកដែលត្រូវទទួលខុសត្រូវ និងផ្តល់ការពន្យល់។
លោកបានបន្ថែមថា៖ «ភាគីជប៉ុនត្រូវតែធានាសុវត្ថិភាពនៃបរិវេណ និងបុគ្គលិកនៃស្ថានទូត និងស្ថានកុងស៊ុលចិន នៅប្រទេសជប៉ុន ឆ្លុះបញ្ចាំង និងកែតម្រូវគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសចិន និងទប់ស្កាត់ជាមូលដ្ឋានកុំឲ្យឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត»។
ក្រសួងការពារជាតិជប៉ុនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ទំនាក់ទំនងរវាងប្រទេសជិតខាងអាស៊ីទាំង២ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ការវាយប្រហារដោយសន្មតរបស់ចិន លើកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន អាចបង្កឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ៕
