ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឲ្យក្រុមមន្រ្តីចូលរួមឲ្យបានសកម្មនៅក្នុងការបញ្ចប់គម្រោងទីក្រុងអនាគត Xiongan ដែលស្ថិតក្រោមដំណើរការសាងសង់ នៅជិតទីក្រុងប៉េកាំង អំឡុងដំណើរទស្សនទៅកាន់តំបន់អភិវឌ្ឍន៍មួយនេះដែលរូបលោកដាក់ឈ្មោះរបស់លោក និងកេរតំណែលរបស់លោក ។
ស្ថិតនៅចម្ងាយ ១០០គ.ម ភាគនិរតីរដ្ឋធានីប៉េកាំង ក្នុងខេត្ត Hebei តំបន់អភិវឌ្ឍន៍ Xiongan New Area ស្ថិតនៅចំណោមតំបន់ពិសេសចំនួន ៣នៃសារៈសំខាន់ជាតិ ជាមួយនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងហិរញ្ញវត្ថុតំបន់ឆ្នេរ Shenzhen និង Shanghai Pudong ។

លោក Xiនិយាយ អំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទថា តំបន់ Xiongan New Area គួរតែទទួលយកកំណែទម្រង់ និងនវានុវត្តន៍ ដែលជាកម្លាំងចលករមួយ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មស៊ីជម្រៅលើនវានុវត្តន៍បច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្ម ។ នេះបើយោងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការ Xinhua ។
លោក Xi នឹងសម្លឹងមើលការផ្លាស់ប្តូរទីតាំងសហគ្រាសរដ្ឋ សាកលវិទ្យាល័យ ក្រុមហ៊ុនវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហើយនិងស្ថាប័នហិរញ្ញវត្ថុទៅកាន់តំបន់អភិវឌ្ឍន៍ Xiongan ដែលមានទំហំប្រហាក់ប្រហែលនឹងទីក្រុងឡុងដ៍្ររបស់ចក្រភពអង់គ្លេស ដើម្បីកាត់បន្ថយការចង្អៀត និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងប៉េកាំង ។
សារព័ត៌មានរដ្ឋរាយការណ៍ថា ក្រុមហ៊ុន Sinochem និងក្រុមហ៊ុន China Satellite Network Group ស្ថិតក្នុងចំណោមសហគ្រាសគ្រប់គ្រងដោយរដ្ឋចំនួន ៨ នឹងផ្លាស់ទីស្នាក់ការកណ្តាលរបស់ពួកគេទៅកាន់តំបន់ Xiongan ៕
