ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រេចផ្តល់ការសន្យា សម្រាប់កញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា ប្រទេសកូរ៉េបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាភ្នាក់ងារអនុវត្ត ក្នុងនោះចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន, សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្ប ទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១ លានដុល្លារអាមេរិក ។
ចំណែកក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទានសម្បទានដល់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ដែលធ្វើឱ្យ កូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី ៣ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។
ក្រៅពីគម្រោងខាងលើ, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាព ក្នុងការប្រើប្រាស់កញ្ចប់ថ្មីនេះ តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។
ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីតម្រូវការវិនិយោគបន្ថែមរបស់កម្ពុជា ទៅលើវិស័យសំខាន់ៗដទៃទៀតរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
ជាងនេះទៀត, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុក ។ ដូចច្នេះ, ការកៀរគរទុនវិនិយោគពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។
ក្នុងជំនួបនេះ, ឯកឧត្តម KOO Yun Cheol បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការទប់ស្តាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក, ឯកឧត្តមបានជូនពរឱ្យកម្ពុជា បំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងឆាកអន្តរជាតិ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ៕អត្ថបទ៖ សុន រ៉ាឌី