ក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) នៅប្រទេសបារាំង នាថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា ដែលបណ្តាលមកពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
សម្ព័ន្ធមិត្តអាមេរិក កំពុងប្រឹងប្រែងដោះស្រាយផលវិបាក ដែលកើតឡើងពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ កាលពីចុងខែមុន ដែលបង្កឲ្យមានការវាយប្រហារពីអ៊ីរ៉ង់ ទៅលើប្រទេសជិតខាងឈូងសមុទ្រ និងប្រឆាំងនឹងការដឹកជញ្ជូន ដែលបានបញ្ឈប់ការដឹកជញ្ជូនភាគច្រើនតាមរយៈច្រកសមុទ្រ Hormuz។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យរង លោក Tommy Pigott បានឲ្យដឹងថា លោក Rubio ដែលជាអ្នកការទូតជាន់ខ្ពស់ និងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ដែលប្រព្រឹត្តទៅនៅតំបន់ Cernay-la-Ville នៅខាងក្រៅទីក្រុងប៉ារីស។
លោក Pigott បាននិយាយថា៖ «បញ្ហាដែលផ្តោតសំខាន់ នឹងរួមមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងទូទាំងពិភពលោក ចំពោះសន្តិភាព និងស្ថិរភាព»៕