ទីក្រុង Minsk ប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងជាលើកដំបូង តាមការអញ្ជើញរបស់លោកមេដឹកនាំ Kim Jong Un ។
យោងតាមការអះអាងរបស់ការិយាល័យប្រធានាធិបតីបេឡារុស បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក Lukashenko ត្រូវបានគេរំពឹងថានឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ និងមានជំនួបជាមួយលោក Kimដោយផ្តោតសំខាន់លើប្រធានបទជាច្រើន រួមទាំងការប្តេជ្ញាចិត្តលើវិស័យសំខាន់នៃផលប្រយោជន៍គ្នាទៅវិញទៅមករបស់ប្រទេសទាំង ២ ។
សេវាកម្មព័ត៌មានមេដឹកនាំបេឡារុស និយាយថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ មានបំណងពង្រឹងលក្ខខណ្ឌស្របច្បាប់ និងសន្ធិសញ្ញានៃទំនាក់ទំនង ហើយនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីសកម្មជាងមុន ។
ខណៈពេលនោះដែរ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ(KCNA) បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Lukashenkoទៅកាន់ទីក្រុងព្យុងយ៉ាង នៅលើសេចក្តីរាយការណ៍អនឡាញរបស់ពួកគេ ។
ដំណើរទស្សនកិច្ចរបស់លោក Lukashenko បានកើតមានឡើង ក្រោយមេដឹកនាំ ២ ជួបគ្នាមួយភ្លែតនៅក្រៅពិធីដង្ហែរព្យុហយាត្រាយោធាចិនកាលពីខែកញ្ញា ឆ្នាំ ២០២៥ ពេលដែលមេដឹកនាំកូរ៉េខាងជើង អញ្ជើញសមភាគីបេឡារុស ឲ្យមកបំពេញដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ៕