នៅថ្ងៃអង្គារនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នថាមពលជាតិ ជាការឆ្លើយតបចំពោះជម្លោះមជ្ឈិមបូព៌ា ហើយនិងអ្វីដែលលោកចាត់ទុកថាជា គ្រោះថ្នាក់ជិតមកដល់សម្រាប់ការផ្គត់ផ្គង់របស់ប្រទេសមួយនេះ ។
លោក Marcos និយាយថា គណៈកម្មាធិការ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការផ្គត់ផ្គង់មានសណ្តាប់ធ្លាប់ ការចែកចាយ និងភាពអាចរកបានសម្រាប់ប្រេងឥន្ធនៈ អាហារ ឱសថ ផលិតផលកសិកម្ម និងទំនិញសំខាន់ៗផ្សេងទៀត ។
នៅក្នុងបទបញ្ជាចែករំលែកជាមួយសារព័ត៌មាន លោក Marcos និយាយថា ជម្លោះបង្កឲ្យមានភាពពុំច្បាស់លាស់នៅក្នុងទីផ្សារសកល ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ធ្ងន់ធ្ងរ ការប្រែប្រួលខ្លាំង និងសម្ពាធកើនឡើងលើតម្លៃប្រេងអន្តរជាតិ ដូច្នេះហើយវាបង្កការគំរាមកំហែងចំពោះសន្តិសុខថាមពលហ្វីលីពីន ។
លោកថា ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នថាមពលជាតិបែបនេះ នឹងជំរុញរដ្ឋាភិបាលឲ្យអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួល ក្រោមច្បាប់មានស្រាប់ ដើម្បីលើកឡើងពីហានិភ័យបង្កឡើងដោយសារការអាក់ខាននៅក្នុងការផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក ។
ការប្រកាសដែលនឹងចូលជាធរមានរយៈពេល ១ឆ្នាំនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលទទួលបានប្រេងឥន្ធនៈ និងផលិតផលប្រេងឥន្ធនៈចាំបាច់ ដើម្បីធានាទាន់ពេល និងការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធិភាព ហើយបើសិនចាំបាច់ ពួកគេនឹងបង់ប្រាក់មួយផ្នែកជាមុននៃចំនួនទឹកប្រាក់កិច្ចសន្យា ។
នៅព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋមន្រ្តីថាមពលហ្វីលីពីនលោក Sharon Garin និយាយប្រាប់សន្និសីទសារព័ត៌មានថា ហ្វីលីពីនមានសមត្ថភាពផ្គត់ផ្គង់ប្រេងរយៈពេល ៤៥ថ្ងៃ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន ៕