ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ២៤ មីនាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិកកំពុងសម្រេចបានវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ រួមទាំងការទទួលបានសម្បទានដ៏សំខាន់មួយពីទីក្រុងតេអេរ៉ង់ ខណៈប្រភពមួយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសំណើដោះស្រាយជម្លោះចំនួន ១៥ ចំណុចទៅកាន់អ៊ីរ៉ង់រួចហើយ។

លោកTrump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយ មនុស្សត្រឹមត្រូវ នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់អរិភាព ដោយបន្ថែមថា អ៊ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងយ៉ាងខ្លាំង។លោកថាពួកលោកកំពុងចរចានៅពេលនេះ។

ទីក្រុងតេអេរ៉ង់បានបដិសេធដែលថាមានកិច្ចចរចាដោយផ្ទាល់បានកើតឡើង។ ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាហ្គឺរ កាលីបាហ្វ(Mohammad Baqer Qalibaf)កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានច្រានចោលរបាយការណ៍ទាំងនោះថាជាព័ត៌មានក្លែងក្លាយ។
សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃអង្គារ ២៤មីនាសប្ដាហ៍នេះ ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើផែនការចំនួន ១៥ ចំណុចទៅកាន់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល ដោយដកស្រង់ប្រភពបីនាក់ បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកបទឈប់បាញ់រយៈពេលមួយខែ ដើម្បីពិភាក្សាអំពីផែនការចំនួន ១៥ ចំណុចនេះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ផែនការនេះនឹងរួមបញ្ចូលការរំសាយម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបញ្ឈប់ការគាំទ្រដល់ក្រុមតំណាងនានា និងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។
ប្រភពមួយដែលដឹងបញ្ហានេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ញើផែនការមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕

