នៅថ្ងៃទី២៥នៃសង្គ្រាមអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមវាយប្រហារធ្ងន់ធ្ងរ ដោយមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ប្រសិនបើពួកគេបន្តវាយប្រហារជនស៊ីវិលនៅលីបង់ និងហ្កាហ្សា។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ២៤មីនាសប្ដាហ៍នេះថា ពួកលោកបានព្រមានកងទ័ពឧក្រិដ្ឋជននៃរបបអ៊ីស្រាអែលថា ប្រសិនបើឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលលីបង់ និងប៉ាឡេស្ទីននៅតែបន្ត ទីតាំងរបស់កងកម្លាំងសត្រូវដែលកាន់កាប់នៅប៉ាឡេស្ទីនភាគខាងជើង និងតំបន់ហ្កាហ្សាស្ទ្រីប នឹងត្រូវទទួលរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនយ៉ាងចាស់ដៃដោយកងឆ្មាំបដិវត្តន៍។

យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារលើអឹផាតមិនមួយនៅភាគអាគ្នេយ៍នៃរដ្ឋធានីលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ រួមទាំងក្មេងស្រីអាយុ៣ ឆ្នាំម្នាក់។ មនុស្សប្រាំនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅភាគខាងត្បូង។ អាជ្ញាធរនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង១.០០០នាក់នៅលីបង់ និងបានធ្វើឱ្យមនុស្សជាង១លាននាក់ភៀសខ្លួន។
ការវាយប្រហារនេះបានកើតឡើងដោយគ្មានការព្រមាន ហើយបានវាយប្រហារតំបន់មួយនៅខាងក្រៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី បេរូត ជាទីដែលយោធាអ៊ីស្រាអែលធ្លាប់បានចេញសេចក្តីជូនដំណឹងជម្លៀសកាលពីកន្លងទៅ។
កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះដែរ អ៊ីស្រាអែលបានវាយប្រហារតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងស្ថានីយប្រេងឥន្ធនៈមួយរបស់ក្រុមហ៊ុន Amana ក្នុងតំបន់ Rashidieh ជិតទីក្រុងកំពង់ផែ Tyre ៕
