ទីផ្សារភាគហ៊ុនសកលទទួលបានកំណើន ហើយតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ (២៥ មីនា) នេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស្វះស្វែងរកបទឈប់បាញ់រយៈពេល ១ខែក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងបានផ្ញើផែនការ ១៥ចំណុចទៅឱ្យអ៊ីរ៉ង់ដើម្បីពិភាក្សា ដែលការណ៍នេះបានបង្កើនសង្ឃឹមសម្រាប់ការបន្តនាំចេញប្រេងចេញពីឈូងសមុទ្រពែក្សឡើងវិញ។

សន្ទស្សន៍ភាគហ៊ុនអាមេរិក S&P 500 កើនឡើងជិត ១% ក្នុងការជួញដូរអាស៊ី ហើយទីផ្សារអឺរ៉ុបបានងើបឡើង ១,២%។ ទីផ្សារភាគហ៊ុននៅអូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន បានកើនឡើងប្រហែល ២% នៅក្នុងការជួញដូរពេលព្រឹកថ្ងៃពុធ ហើយតម្លៃមាសដែលវិនិយោគិនបានសម្រុកលក់ចេញដើម្បីយកចំណេញខ្លះ បានកើនឡើង ១,៦%។
តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ៦,២១ ដុល្លារ ឬ ៥,៩% មកនៅត្រឹម ៩៨,២៨ ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងសកល ០០:៥៨នាទីអធ្រាត្រឈានចូលថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៩៧,៥៧ដុល្លារ។ ចំណែកប្រេងឆៅអាមេរិក WTI ធ្លាក់ចុះ ៤,៦៧ ដុល្លារ ឬ ៥,១% មកត្រឹម ៨៧,៦៨ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុត ៨៦,៧២ ដុល្លារ។

លោក Kerry Craig អ្នកយុទ្ធសាស្ត្រទីផ្សារសកលនៅក្រុមហ៊ុន J.P. Morgan ក្នុងទីក្រុងមែលប៊ន បាននិយាយថា៖ «បច្ចុប្បន្នទីផ្សារកំពុងជួញដូរតាមចំណងជើងព័ត៌មានធំៗ ដូច្នេះគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែការលំបាកពេលនេះគឺ ភាពមិនច្បាស់លាស់នៅតែមានអំពីថា តើបញ្ហានេះនឹងបន្តទៅជាយ៉ាងណា ហើយថា តើនឹងមានលទ្ធផលជាក់ស្តែងណាមួយទាក់ទងនឹងបទឈប់បាញ់ដែរឬទេ»។

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា អាមេរិកកំពុងមានវឌ្ឍនភាពក្នុងការចរចាបញ្ចប់សង្គ្រាម រួមទាំងទទួលបានសម្បទានសំខាន់ៗពីទីក្រុងតេអេរ៉ង់ ខណៈប្រភពមួយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសំណើដោះស្រាយ ១៥ចំណុច ទៅកាន់អ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយដោយសម្អាងដល់ប្រភពថា អាមេរិកកំពុងស្វះស្វែងរកបទឈប់បាញ់រយៈពេល ១ខែ ដើម្បីពិភាក្សាពីផែនការ ១៥ចំណុចនេះ៕