កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ាណែត រួមជាមួយអជ្ញាធរខេត្ត ស្រុក ឃុំ ក្រុមការងារ និងសប្បុរសជន បាននាំយកអំណោយជូនប្រជាពលរដ្ឋជាង១.៥០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងឃុំកោះសូទិន្ទ និងឃុំកំពង់រាបស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែសីហា ឆ្នាំ២០១៨។
ឯកឧត្តម ហ៊ុន ម៉ាណែត ពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដែលថ្នាក់ដឹកនាំតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈឲ្យមន្ត្រី ក្រុមការងារ អជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តមបានផ្តាំផ្ញើការថ្លែងអំណរគុណពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រសម្តេចតេជោដឹកនាំប្រទេស។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច បុគ្គលិកសុខាភិបាល កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនជីបម៉ុងគ្រុប និងបណ្តាសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកោះសូទិន្ទ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀត។
តាមរបាយការណ៍ស្រុកកោះសូទិន្ទ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយស្រុក និងសប្បុរសជនដទៃទៀតដោយនាំយកនូវអំណោយមានសម្ភារៈ គ្រឿងឧបភោគបរិភោគ ៨,៦០១ គ្រួសារ ។ ហើយថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១.០៣២ គ្រួសារបន្ថែមទៀតស្ថិតនៅក្នុងឃុំកោះសូទិន្ទ និងឃុំកំពង់រាប ស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ៕
