ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ២៤មីនាសប្ដាហ៍នេះ បានផ្ដល់ការគាំទ្រពេញលេញ និងទាំងស្រុង ដល់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយជំរុញឱ្យអ្នកបោះឆ្នោតបោះឆ្នោតជ្រើសរើសរូបលោកឡើងវិញក្នុងការប្រកួតប្រជែងនៅខែមេសាខាងមុខ ជាទីដែលលោកនឹងជួបប្រទះបញ្ហាប្រឈមមិនធ្លាប់មានចំពោះការគ្រប់គ្រងរយៈពេល១៦ ឆ្នាំរបស់លោក។

លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា លោក Orban គឺជាមេដឹកនាំដ៏រឹងមាំ និងមានអំណាចពិតប្រាកដ ដែលមានកំណត់ត្រាបង្ហាញឱ្យឃើញពីការផ្ដល់លទ្ធផលដ៏អស្ចារ្យ ដោយសរសើរនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ចំពោះការប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការស្ដារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញ និងនាំទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនទៅកាន់កម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការ ។

លោក Trump បានសរសេរថា រូបលោកមានមោទនភាពក្នុងការគាំទ្រលោក Viktor សម្រាប់ការជាប់ឆ្នោតឡើងវិញកាលពីឆ្នាំ ២០២២ ហើយលោកមានក្ដីរំភើបណាស់ដែលលោក Orban បានជាប់ឆ្នោតម្ដងទៀត។ ថ្ងៃបោះឆ្នោតថ្មីសម្រាប់ប្រទេសហុងគ្រីគឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដូច្នេះសូមប្រជាជនទាំងអស់ចេញទៅបោះឆ្នោតឱ្យលោក VIKTOR ORBAN។ លោកតែងតែនៅជាមួយលោក Viktorជានិច្ច។

ការស្ទង់មតិឯករាជ្យបានបង្ហាញថា លោក Orban ដែលជាអ្នកគាំទ្រលោក Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ទទួលបានការគាំទ្រតិចតួចនៅមុនការបោះឆ្នោត៕