ប្រធានអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយនៅថ្ងៃពុធ (២៥ មីនា) នេះថា សហរដ្ឋអាមេរិក មានស្មារតីបន្ទាន់ «ក្នុងកម្រិតខ្ពស់» ក្នុងការជួយកោះតៃវ៉ាន់ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ហើយកំពុងខិតខំប្រឹងប្រែងជួយពន្លឿនការដឹកជញ្ជូនសព្វាវុធដែលបានពន្យារពេល។

កោះតៃវ៉ាន់ ដែលកំពុងប្រឈមនឹងសម្ពាធផ្នែកយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗក្នុងការទទួលបានអាវុធ ដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតដល់កោះដែលទីក្រុងប៉េកាំង អះអាងសិទ្ធថាជាទឹកដីរបស់ខ្លួនមួយនេះ។

ភាពយឺតយ៉ាវចម្បងមួយ គឺការបញ្ជាទិញកាលពីឆ្នាំ២០១៩ នូវយន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៦៦គ្រឿង ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ អាវុធ និងប្រព័ន្ធរ៉ាដាកាន់តែទំនើប។

លោក Koo បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនប្រព័ន្ធអាវុធជាច្រើនដែលតៃវ៉ាន់បានបញ្ជាទិញ បានចាប់ផ្តើមដំណើរការ ឬបានមកដល់ជាបណ្តើរៗហើយ។ លោកបន្តថា៖ «សហរដ្ឋអាមេរិកនៅតែមានភាពបន្ទាន់ក្នុងកម្រិតខ្ពស់ ក្នុងការជួយកោះតៃវ៉ាន់ឱ្យពង្រឹងសមត្ថភាពការពារខ្លួន ឱ្យឆាប់តាមដែលអាចធ្វើទៅបាន»។
អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់កាលពីចុងសប្តាហ៍ថា ការដឹកជញ្ជូនយន្តហោះចម្បាំង F-16V នឹងចាប់ផ្តើមក្នុងឆ្នាំនេះ។ កាលពីសប្តាហ៍មុន លោក Michael Miller នាយកទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយថា លោកបានចុះហត្ថលេខាលើសេចក្តីណែនាំមួយក្នុងឆ្នាំ ២០២៣ ដើម្បីផ្តល់អាទិភាពដល់តៃវ៉ាន់ លើសអ្នកទិញផ្សេងទៀត៕