ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បាននិយាយកាលពីថ្ងៃអង្គារ (២៤ មីនា) ថា សង្គ្រាមអ៊ីរ៉ង់គឺជា «កំហុសឆ្គងដ៏មហន្តរាយ» ដែលរំលោភលើច្បាប់អន្តរជាតិ នៅក្នុងការរិះគន់យ៉ាងធ្ងន់ៗដ៏កម្រចំពោះគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាអ្វីដែលប្រធានាធិបតីអាល្លឺម៉ង់រូបនេះនិយាយថា បានបង្កភាពប្រេះស្រាំដល់ទំនាក់ទំនងរបស់អាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនក្រោយសម័យសង្គ្រាម។

ក្នុងការវាយប្រហារដោយពាក្យសម្តីយ៉ាងខ្លាំងក្លា លោក Steinmeier ដែលតំណែងប្រធាធិបតីរបស់លោកភាគច្រើនគឺជាពិធីការ និងអនុញ្ញាតឱ្យលោកបញ្ចេញមតិបានដោយសេរីជាងអ្នកនយោបាយអាល្លឺម៉ង់ដទៃទៀតនោះ បានប្រកាន់ជំហររិះគន់ខ្លាំងជាងលោកអធិការបតី Friedrich Merz ដែលកន្លងមកបានព្យាយាមគេចពីសំណួរអ្នកកាសែត ទាក់ទងនឹងភាពស្របច្បាប់នៃសង្គ្រាមនេះ។

លោក Steinmeier បានថ្លែងក្នុងសុន្ទរកថានៅក្រសួងការបរទេសថា៖ «អាល្លឺម៉ង់ត្រូវតែលើកឡើងអំពីបញ្ហាទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់។ ព្រោះតាមទស្សនៈរបស់លោក សង្គ្រាមនេះគឺផ្ទុយនឹងច្បាប់អន្តរជាតិ» ដោយបន្ថែមថា លោកក៏មានការសង្ស័យបន្តិចដែរថា ការលើកហេតុផលអំពី «ការវាយប្រហារជិតកើតមានលើគោលដៅរបស់អាមេរិក» គឺជាហេតុផលដែលមិនសមស្របឡើយ។

ដោយហៅសង្គ្រាមនេះថា «ជារឿងមិនចាំបាច់» និងជា «កំហុសនយោបាយដ៏មហន្តរាយ» លោក Steinmeier បាននិយាយថា អាណត្តិទីពីររបស់លោក Trump បានកត់សម្គាល់នូវភាពប្រេះស្រាំនៃទំនាក់ទំនងការបរទេសរបស់អាល្លឺម៉ង់ យ៉ាងជ្រាលជ្រៅ ដូចទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែនដែរ។ ប្រធានាធិបតីអាល្លឺម៉ង់រូបនេះបន្តថា អាល្លឺម៉ង់ត្រូវតែអនុវត្តមេរៀនដែលខ្លួនបានរៀន ជុំវិញការដកខ្លួនចេញពី «ការពឹងផ្អែកខ្លាំងពេក» លើរុស្ស៊ី ហើយយកមកអនុវត្តជាមួយសហរដ្ឋអាមេរិក ជាពិសេសលើវិស័យការពារជាតិ និងបច្ចេកវិទ្យា៕