អ៊ុយក្រែន៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចឲ្យមានបទឈប់បាញ់ផ្នែកមនុស្សធម៌ជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបើកផ្លូវឲ្យមានការរីកចម្រើនក្នុងការចរចាខាងនយោបាយច្បាស់លាស់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពផ្អែកលើគោលការណ៍របស់ជំពូកអង្គការសហប្រជាជាតិ។

ថ្លែងអំពីវិបត្តិអ៊ុយក្រែន លោក Guterres បាននិយាយថា សង្គ្រាមបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ មនុស្សប្រមាណ ១០លាននាក់ផ្លាស់ប្ដូរទីលំនៅ ភាគច្រើនជាស្ត្រី និងកុមារ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាប្រព័ន្ធ និងធ្វើឲ្យតម្លៃស្បៀងអាហារ និងថាមពលឡើងថ្លៃខ្ពស់កប់ពពកនៅទូទាំងពិភពលោក។ ដូច្នេះត្រូវតែបញ្ឈប់សង្គ្រាមនេះភ្លាម។ លោក Guterres បានពន្យល់ថា អង្គការសហប្រជាជាតិ និងភ្នាក់ងារជាច្រើនរបស់ខ្លួនបានកំពុងធ្វើការគ្មានសម្រាក ដើម្បីជួយដល់ជនរងគ្រោះពីជម្លោះដែលនៅតែបន្ត។ បច្ចុប្បន្នបុគ្គលិកអង្គការសហប្រជាជាតិចំនួន ១,០០០នាក់ត្រូវបានប្រចាំការនៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានជួយគាំទ្រដល់បណ្ដាប្រទេសដែលកំពុងទទួលយកជនភៀសខ្លួនអ៊ុយក្រែន និងបានផ្ដល់ជំនួយដល់ប្រជាជនជិត ៩០០,០០០នាក់ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតដោយផ្ដល់ឲ្យពួកគេដូចជា អាហារ ជម្រក ថ្នាំពេទ្យ និងទឹកបរិសុទ្ធជាដើម៕
អត្ថបទ៖ សុខមាន