ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃអង្គារ បានអំពាវនាវជាថ្មីឲ្យមានការអត់ធ្មត់អតិបរមា បន្ទាប់ពីការវាយប្រហារថ្មីលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

IAEA បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនត្រូវបានជូនដំណឹងដោយអ៊ីរ៉ង់ថា គ្រាប់ផ្លោងមួយគ្រាប់ទៀត បានត្រូវចំរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កាលពីថ្ងៃអង្គារ។
អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ពុំមានការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរខ្លួនឯង ឬរបួសដល់បុគ្គលិកនោះទេ ហើយស្ថានភាពនៃរោងចក្រនេះ នៅតែមានលក្ខណៈធម្មតា។

លោក Rafael Grossi អគ្គនាយក IAEA បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត។
រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានវាយប្រហារជាច្រើនលើក ចាប់តាំងពីការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ៕