ព្រៃវែង៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២នេះ ខេត្តព្រៃវែងនឹងបញ្ចប់ការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈដីចម្ការមីន ក្នុងខេត្តមួយនេះ នៅសល់តែ២កន្លែងប៉ុណ្ណោះ ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរមីនកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងប្រគល់-ទទួលវិភាគទានសប្បុរសធម៌ គាំទ្រការងារបោសសំអាតមីន នៅខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ផ្ទៃដីចម្ការមីនដែលនៅសល់ចំនួន ២កន្លែង ស្មើនឹង ៣.៦ហិកតា នៅក្នុងខេត្តព្រៃវែង គ្រោងត្រូវបោសសំអាតអស់ត្រឹមរយៈពេល ២សប្ដាហ៍ អនុវត្តដោយកងកម្លាំងមួកខៀវ ។
ឯកឧត្តម បន្តថា សម្រាប់គម្រោងថវិកាសំអាតមីនទាំង ២ចម្ការមីននេះ គាំទ្រដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ក្នុងទំហំថវិកាជិត ១ម៉ឺនដុល្លារ ដែលថវិកាទាំងអស់នេះ គ្រប់គ្រាន់ និងសមរម្យក្នុងការងារបោសសំអាត ។
លោក Anthony Galliano ភាគីខាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្ដល់ជំនួយនេះ ដោយមើលឃើញពីផលលំបាករបស់កម្ពុជា ដែលសេសសល់ចម្ការមីនជាច្រើនកន្លែងពាស់ពេញប្រទេស ហើយបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។
លោក បន្តថា សម្រាប់ថវិកានេះ គឺជាចំណូលរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា រកបាននៅក្នុងប្រទេសកម្ពុជា ហើយលោកសន្យាបន្តកៀរគរអ្នកវិនិយោគ ឬដៃគូផ្សេងៗទៀត ប្រមូលថវិកាជួយដល់កម្ពុជា ក្នុងការដោះស្រាយលើវិស័យមីននេះ ។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២២នេះ កម្ពុជាបានប្រកាសរួចរាល់ហើយ នៅខេត្តកែប ដែលជាខេត្តដំបូងគេ ត្រូវបានបោសសំអាតមីនរួចរាល់ ធ្វើឲ្យដីមានសុវត្ថិភាព ហើយប្រជាពលរដ្ឋអាចធ្វើកសិកម្ម ឬរស់នៅមិនមានការភ័យខ្លាចដោយសារបញ្ហាបន្សល់ទុកពីសម័យសង្គ្រាមនោះ ៕ អត្ថបទ៖ បាន សុខរិទ្ធ

