ក្លិបបារាំង Paris Saint Germain បានស្នើសុំទៅកាន់ក្របខណ្ឌ Ligue1 ដើម្បីលើកការប្រកួតទល់នឹងគូប្រជែងជើងឯក Lens ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ មុនជួប Liverpool វគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League។
ជំនួបទល់នឹង Lens គ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសាខាងមុខ ដែលកាលវិភាគនេះស្ថិតនៅចំចន្លោះកណ្តាលរវាងជើងទីមួយ និងជើងទីពីរទល់នឹង Liverpool។
ចំណែក Liverpool ក៏នឹងត្រូវទទួល Fulham ដែរនៅក្នុងថ្ងៃទី ១១ ខែមេសានោះ។
នៅក្នុងការឆ្លើយតបនឹងការស្នើសុំរបស់ PSG ទៅកាន់ Ligue1 ក្រុមគូប្រជែង Lens ដែលកំពុងស្វែងរកជើងឯកដំបូងតាំងពីឆ្នាំ ១៩៩៨ នោះ បានបដិសេដមិនយល់ព្រមដាច់ខាត តាមរយៈសេចក្តីថ្លែងការរបស់ខ្លួន។
ក្រុមលេខពីរ Lens បច្ចុប្បន្នកំពុងតាមពីក្រោយក្រុមនាំមុខ PSG តែមួយពិន្ទុប៉ុណ្ណោះ ស្របពេលដែលគ្រូបង្គោល Lens លោក Pierre Sage បាននិយាយក្រោយចប់ការប្រកួតជ័យជំនះលើ Angers ៥-១ កាលពីថ្ងៃអាទិត្យថា លោកមិនយល់ស្របដាច់ខាតចំពោះការលើកពេល។
យ៉ាងណាក្តី ការសម្រេចបែបនេះគឺស្ថិតនៅលើក្របខណ្ឌ Ligue1 ដែលបានទទួលការស្នើសុំដូចគ្នានេះដែរពីក្លិប Brest ដែលសុំលើកពេលប្រកួតក្នុងថ្ងៃជាមួយគ្នា ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅក្របខណ្ឌ Conference League ទល់នឹងក្លិបអាល្លឺម៉ង់ Mainz៕ អត្ថបទ៖នាង សុភាវុធ