អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ ក្នុងនោះមានទាំងកុមារ និងបុគ្គលិកសុខាភិបាល នៅក្នុងការវាយប្រហារដោយយានដ្រូនទៅលើមន្ទីរពេទ្យបណ្តុះបណ្តាល El-Daein ក្នុងរដ្ឋ Darfur ខាងកើតរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃសុក្រ។

អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ អង្គការសុខភាពពិភពលោកបានផ្ទៀងផ្ទាត់ការវាយប្រហារជាង ២០០លើក ដែលបានបង្កការខូចខាតដល់មណ្ឌលសុខភាព នៅក្នុងប្រទេសស៊ូដង់ និងបណ្តាលឲ្យមនុស្សជាង ២.000នាក់ ស្លាប់។

លោកបាននិយាយថា៖«លោកអគ្គលេខាធិការទាមទារឲ្យគ្រប់ភាគីទាំងអស់គោរពតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជាពិសេសបុគ្គលិកពេទ្យ និងមណ្ឌលសុខភាព និងហាមឃាត់ការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិល និងទ្រព្យសម្បតិ្តស៊ីវិល»។
លោក Dujarric បានបញ្ជាក់ថា លោកប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់កាត់បន្ថយការប្រយុទ្ធគ្នាជាបន្ទាន់ និងយល់ព្រមលើការបញ្ឈប់អរិភាព។
អ្នកនាំពាក្យរូបនេះ បាននិយាយថា លោក ហ្គុយតឺរេស បានអំពាវនាវជាថ្មីដល់ភាគីនានាឲ្យធ្វើការជាមួយអ្នកសម្របសម្រួល រួមទាំងអ្នកតំណាងផ្ទាល់ខ្លួនរបស់លោកសម្រាប់ប្រទេសស៊ូដង់ ដើម្បីវិលត្រឡប់មកតុចរចាវិញ ដើម្បីបន្តបទឈប់បាញ់យូរអង្វែង និងដំណើរការនយោបាយដ៏ទូលំទូលាយ ពេញលេញ និងគ្រប់គ្រងដោយស៊ូដង់៕