ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជាដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងសមាជិក សមាជិកា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាធុរកិច្ចឡាងឆាង-មេគង្គលើកទី៣ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ ក្រោមមូលបទ «ការជំរុញកសិពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកៃច្នៃម្ហូបអាហារ»។ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងវិស័យសាធារណៈ និងវិស័យឯកជន របស់ប្រទេសឡាងឆាងមេគង្គចំនួនជាង១៥០ នាក់នៅនឹងកន្លែង និងជាង២០០នាក់ទៀតនៅតាមប្រព័ន្ធអនឡាញ។ ដែលពិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។
ក្នុងឱកាសនៃពិធីបើកវេទិកាធុកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ច របស់ប្រទេសឡាងឆាងមេគង្គទាំងអស់ និងបានគូសបញ្ជាក់ថា ប្រទេសឡាងឆាងមេគង្គមានវប្បធម៌ប្រហាក់ប្រហែលគ្នា មានចំណងទាក់ទងជាមិត្តភាពយូរអង្វែង និងមានគោលដៅអភិវឌ្ឍន៍រួមគ្នា ព្រមទាំងមានសក្តានុពលធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរួម។ ក្នុងនោះវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងប្រទេសមេគង្គដែលមានប្រជាជនសរុបជាង ២៤៨ លាននាក់។ ពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេសឡាងឆាងមេគង្គ បាននិងកំពុងបន្តកើនឡើងទៅមុខ ទោះបីជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសឡាងឆាងមេគង្គ ឆ្ពោះទៅកាន់វិបុលភាពរួម។ ជាតួយ៉ាងកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករាឆ្នាំ២០២២នេះ ដែរបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ ក៏ដូចជាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ។ ព្រោះចិនជាប្រទេសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដ៏ចម្បងជាងគេមួយ ដែលរួមមានផលិតផល៖ អង្ករ ស្វាយ និងចេកជាដើម។ ក្នុងន័យនេះអ្នកឧកញ៉ាបានអញ្ជើញគណៈប្រតិភូធុរកិច្ចប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់មកបំពេញទស្សនកិច្ច និងសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប។
អ្នកឧកញ៉ាបញ្ជាក់ថា វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣ គឺជាផ្នែកមួយនៃគម្រោងរយៈពេលវែង ដែលគាំទ្រថវិកាដោយមូលនិធិពិសេស សម្រាប់កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន។ វេទិកាធុរកិច្ចនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយផ្តោតលើព្រឹត្តិការណ៍សំខាន់ៗចំនួន៤រួមមាន ១)កិច្ចពិភាក្សាអំពីវិស័យកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ការកែច្នៃម្ហូបអាហារ គោលនយោបាយគាំទ្រ បញ្ហាប្រឈម និងកាលានុវត្តភាព និងការចែករំលែកបទពិសោធន៍របស់ក្រុមហ៊ុនកម្ពុជា ក្នុងវិស័យកសិឧស្សាហកម្ម ២)ជំនួបពាណិជ្ជកម្ម ៣)ពិព័រណ៍ពាណិជ្ជកម្ម និង៤)ទស្សនៈកិច្ចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនកម្ពុជាក្នុងវិស័យកសិឧស្សាហកម្ម៕អត្ថបទ ៖ សំ ងីម
