សន្ទស្សន៍ប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចុះក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដល់ចំណុចទាបបំផុតមួយចាប់តាំងពីលោកបានវិលត្រឡប់ទៅកាន់សេតវិមានវិញ ដោយសាររងការប៉ះទង្គិចពីការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ និងការមិនពេញចិត្តជាទូទៅចំពោះសង្គ្រាមនៅអ៊ីរ៉ង់ នេះបើតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័ន Ipsos។
ការស្ទង់មតិរយៈពេលបួនថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា ប្រជាជនអាមេរិកត្រឹមតែ ៣៦% ប៉ុណ្ណោះ ដែលគាំទ្រការបំពេញកិច្ចការក្នុងតំណែងប្រធានាធិបតីរបស់លោក Trump ដែលចំនួននេះមានការធ្លាក់ចុះពីអត្រា ៤០% បើធៀបនឹងការស្ទង់មតិរបស់ Reuters/Ipsos កាលពីសប្តាហ៍មុន។

ទស្សនៈរបស់ប្រជាជនអាមេរិកចំពោះលោក Trump ហាក់មានភាពអវិជ្ជមាន ពាក់ព័ន្ធនឹងការចាត់ចែងរបស់លោក ផ្នែកសេដ្ឋកិច្ច និងថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជន ខណៈដែលតម្លៃសាំងបានហក់ឡើងខ្ពស់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
ការស្ទង់មតិបានរកឃើញថា មានប្រជាជនអាមេរិកតែ ៣៥% ប៉ុណ្ណោះដែលគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដែលថយចុះពីអត្រា ៣៧% កាលពីសប្តាហ៍មុន ចំណែកឯអ្នកឆ្លើយសំណួរស្ទង់មតិប្រមាណ ៦១% មិនគាំទ្រការវាយប្រហារនេះទេ បើធៀបនឹងតួលេខ ៥៩% ក្នុងការស្ទង់មតិកាលពីសប្តាហ៍មុន៕

