នៅអាកាសយានដ្ឋាអន្តរជាតិតេជោ ចាប់ផ្តើមមានភាពមមាញឹកទទួលអ្នកដំណើរអន្តរជាតិ ដែលភាគច្រើនជាអាណិកជនខ្មែររស់នៅក្រៅប្រទេស នាំគ្នាអញ្ជើញមកលេងស្រុកកំណើត ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ និងដើម្បីជាចំណែកចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ គ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាកនេះ។
អាណិកជនខ្មែរមកពីប្រទេសអូស្ត្រាលី អាម៉េរិក អង់គ្លេស ជាដើម ដែលបានចុះចតនៅលើទឹកដីកំណើត នៅថ្ងៃទី២៥ ខែមីនា នេះ បាននិយាយថា រៀងរាល់ឆ្នាំ អំឡុងថ្ងៃបុណ្យចូលឆ្នាំជិតឈានចូលមកដល់ម្តងៗ គឺទាំងអស់គ្នាតែងមានការនឹកអាល័យស្រុកកំណើតជាខ្លាំង ពិសេសនឹកចង់មកជួបជុំយាយតា ឪពុកម្តាយ បងប្អូនមីងមាសាច់ញ្ញាតិ និងចង់នាំគ្នាដើរកម្សាន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ខណៈពួកគេក៏បានដឹងដែរថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ក៏មានការរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយច្រើនតាមបែបប្រពៃណីខ្មែរនៅតាមរាជធានី ខេត្ត ពិសេសព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ និងអង្គរសង្ក្រាន្តនៅខេត្តសៀមរាបជាដើម។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចលនាជំរុញពលរដ្ឋខ្មែរនៅក្រៅប្រទេស នាំគ្នាមកលេងកំណើតនេះ បានជំរុញឲ្យមានកំណើនជើងហោះហើរទ្វទិសចេញចូលកម្ពុជា មានជាមធ្យមប្រមាណជាង១២៨០ជើង ក្នុងមួយសប្តាហ៍ៗ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានចូលដល់ ខណៈវិស័យអាកាសចរណ៍កំពុងជួបរងការប៉ះពាល់ជាសកលដោយវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ឯកឧត្តម បានបញ្ជាក់ថា ជើងហោះហើរទ្វេទិសចេញចូលកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនៅក្នុងខែមីនា ឆ្នាំ២០២៦ សម្រាប់គោលដៅអាកាសយានដ្ឋានអន្តរជាតិតេជោ រាជធានីភ្នំពេញ គឺមានមធ្យមប្រមាណ៨០០ជើងក្នុងមួយសប្តាហ៍ គោលដៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរទ្វេទិសជាមធ្យមប្រមាណជិត៤០០ជើងក្នុងមួយសប្តាហ៍ និងគោលដៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរទ្វេទិសប្រមាណជាង៨០ជើងក្នុងមួយសប្តាហ៍៕ អត្ថបទ៖ ស៊ុម សុខជា




